គោលនយោបាយទេសចរណ៍វ៉ាក់សាំងបានក្លាយជាសញ្ញាវិជ្ជមានសម្រាប់លំហូរទេសចរបរទេស
ក្រោយរលកនៃជំងឺកូវីដ-១៩បានធូរស្រាលស្ថានភាពប្រទេសវិលមករកសភាពដើមវិញ វិស័យទេសចរណ៍កំពុងខិតខំពង្រីកវិសាលភាពរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវលក្ខខណ្ឌអំណោយផលផ្សេងៗដើម្បីបម្រើឱ្យវិស័យមួយនេះ។
ជាមួយគ្នានេះដែរ ការដាក់ចេញនូវគោលនយោបាយ ទេសចរណ៍វ៉ាក់សាំងនាបំណាច់ឆ្នាំ ២០២១កន្លងទៅ គឺជាឱកាសដ៏សំខាន់មួយសម្រាប់វិនិយោគទៅលើវិស័យទេសចរណ៍កម្ពុជា ក្នុងនោះគោលដៅចំនួនបីដែលត្រូវបានកំណត់ក្នុងការបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច រួមមានក្រុងព្រះសីហនុ កោះរ៉ុង និងតំបន់វិស្សមកាលតារាសាគរ ក្នុងខេត្តកោះកុង។ គួរបញ្ជាក់ផងដែរថាគោលដៅសំខាន់ៗទាំងនេះបានក្លាយជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយបានផ្ដល់ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២ ដែលក្នុងចុងសប្ដាហ៍ទី៣ខែមិថុនានេះ ភ្ញៀវទេសចរទូទាំងប្រទេសមានជាង៣៦ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៩,៤៩៣នាក់។
ស្របគ្នានឹងកំណើនភ្ញៀវទេសចរ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយមានឈ្មោះ Smile & Sweet.បានចុះអនុស្សារណៈស្តីពីការសហការភាពជាដៃគូរជាមួយក្រុមហ៊ុន JFT jet ដើម្បីជំរុញការទាក់ទាញកំណើនទេសចរមកកាន់កម្ពុជា។ ថ្លែងក្នុងពិធីចុះអនុស្សារណៈរវាងលោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Smile & Sweet ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយការក្រុមហ៊ុន JFT jet លោក ស៊ិន សត្ថា អគ្គនាយករបស់ក្រុមហ៊ុន (Smile&Sweet)បានឱ្យដឹងថា ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ លោកបានចាប់ដៃគូជាមួយដៃគូនៅខាងក្រៅប្រទេសបង្កើតក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។
លោក ស៊ិន សត្ថា អះអាងថា ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាក់ចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។
ដោយឡែក លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការក្រុមហ៊ុន មានប្រសាសន៍ថា ក្នុងខណៈពេលដែលកម្ពុជា បានងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហការរវាងក្រុមហ៊ុនJFT និងក្រុមហ៊ុនទេសចរណ៍ Sweet&Smile គឺជាការបើកឱកាសឱ្យក្រុមហ៊ុនទាំងពីរ វិស័យទេសចរណ៍ និងអាកាសចរណ៍ បានបើកដំណើរការឱ្យមានប្រក្រតីភាពឡើងវិញក្នុងការជំរុញទេសចរក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia