សារសន្តិភាពដ៏អស្ចារ្យមួយត្រូវបានចារលើឆ្នេរខ្សាច់ ជុំវិញការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយស្ទើរតែអស់រយៈពេលជាងពីរខែកន្លងមក ប្រជាជនអ៊ុយក្រែនជាច្រើននាក់ បានទទួលរងទុក្ខលំបាក ព្រមទាំងវិនាសកម្មដែលបង្កឡើងដោយភ្លើងសង្រ្គាមនេះ។ ប្រទេសនានាជុំវិញពិភពលោក ក៏ដូចជាប្រជាជនភាគច្រើនក្នុងនាមជាមនុស្សជាតិដូចគ្នា បានត្រឹមសម្ដែងក្ដីអាណិតអាសូរ និងមានតែការលើកទឹកចិត្តឱ្យមេដឹកនាំទាំងពីរចរចារកដំណោះស្រាយដ៏ប្រសើរមួយដើម្បីបញ្ចប់បញ្ហានេះ។
ដោយឡែកថ្មីៗនេះ មនុស្សជាច្រើនបានផ្ទុះការចាប់អារម្មណ៍មួយទៅលើវិចិត្រករជនជាតិអ៊ុយក្រែនម្នាក់ គឺលោក Slava Borecki ដែលបានបង្កើតនូវរូបចម្លាក់ខ្សាច់នៅលើឆ្នេរ Dorset ដែលជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ។ លោក Slava Borecki បានឆ្លាក់រូបចម្លាក់មួយដែលមានទំហំ 5m (16ft) x 12m (40ft) ដែលវាប្រៀបដូចជាសារនៃការទាមទារសន្តិភាពដ៏ពេញលេញមួយ។ រូបចម្លាក់ខ្សាច់នេះផងដែរ បានពណ៌នាអំពីការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន ដោយបង្ហាញពីរូបភាពនៃតុក្តតាខ្លាឃ្មុំមួយដែលគេតែងនិយមហៅថា ជាខ្លាឃ្មុំ Teddy ដោយត្រូវបានរថក្រោះបុក និងកិនពីលើវា។ ចំណែកឯផ្នែកមួយទៀតនោះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីទិដ្ឋភាពរបស់ក្មេងស្រីវ័យក្មេងមួយរូបដែលបានលាក់ខ្លួននៅពីក្រោយជញ្ជាំង ហាក់បីដូចជាបានរត់ពួនពីអ្វីម្យ៉ាង ដែលមើលទៅនាងពិតជាមានសភាពភ័យខ្លាចជាខ្លាំង។ វិចិត្រកររូបនេះ ក៏បានលើកឡើងថា «ចំពោះអត្ថន័យដ៏សំខាន់នៃចម្លាក់ខ្សាច់នេះ គឺប្រៀបដូចជាការអង្វរសុំសន្តិភាពមួយដូច្នោះឯង»។ ជុំវិញអត្ថន័យនៃចម្លាក់ខ្សាច់នេះ លោកក៏បានបន្ថែមទៀតថា «ភាគីទាំងសងខាងគឺមានតែការបាត់បង់ ព្រោះវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត និងមានការបំផ្លិចបំផ្លាញផ្សេងៗដែលបង្កឡើងពីសង្រ្គាមលើកនេះ»។
សហស្ថាបនិកនៃកម្មវិធី SandWorldនេះ គឺលោក Mark Anderson បានមានប្រសាសន៍បង្ហាញពីចំណាប់អារម្មណ៏របស់លោកទៅលើរូបចម្លាក់នេះផងដែរថា «វាគឺជារឿងដ៏អស្ចារ្យមួយ»។ វាប្រហែលជាចម្លាក់មួយដែលមានឥទ្ធិពលបំផុតដែលមិនធ្លាប់មាន។ ជាមួយគ្នានេះដែរ លោកក៏បានបន្តទៀតថា «ខ្ញុំពិតជាគិតមិនដល់ទេថាលោក Borecki អាចធ្វើវាឡើងបាន ដោយបង្កប់នូវអត្ថន័យដ៏អស្ចារ្យបែបនេះ»។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក Borecki កំពុងតែរស់នៅទីក្រុង Poznan ប្រទេសប៉ូឡូញដែលមានចម្ងាយ 62 ម៉ាយ (100 គីឡូម៉ែត្រ) ពីទីក្រុង Kyiv។ យ៉ាងណាមិញ អំឡុងពេលដែលរុស្ស៊ីបានឈ្លានពានទៅលើអ៊ុយក្រែន កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកទៅលើស្រុកកំណើតរបស់លោក ធ្វើឲ្យសាលារៀន មូលដ្ឋានយោធា និងផ្លូវថ្នល់ត្រូវបានបំផ្លាញខ្ទេចខ្ទី។ បន្ទាប់ពីមានការលុកលុយនេះហើយ លោកបានយកផ្ទះរបស់លោកនៅប៉ូឡូញ ធ្វើជាជម្រកសម្រាប់ជនភៀសខ្លួនចំនួន ១៩ នាក់បានស្នាក់អាស្រ័យ។ ពិសេសជាងទៅទៀតនោះ គឺពិធីបុណ្យ SandWorldនេះផងដែរ ក៏កំពុងតែមានការរៃអង្គាសប្រាក់សម្រាប់ជាជំនួយដល់ភ្នាក់ងារដែលធ្វើការនៅអ៊ុយក្រែនផងដែរ៕
ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ BBC NEWS