គំនិតស្របគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន បានលេចឡើងក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ
កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ នៅទីក្រុង Kumamoto ប្រទេសជប៉ុន មានកិច្ចប្រជុំកំពូលមួយស្ដីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទីបួនដែលបានបើកនៅ ភាគនិរតី ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការអន្តរជាតិនានា ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងទឹក។
ក្នុងនាមជាម្ចាស់ផ្ទះ នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំកម្រិតកំពូលនេះថា គ្រោះមហន្តរាយទាក់ទងនឹងទឹកបាននឹងកំពុងកើតឡើងជាញឹកញាប់ជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបានកត់សម្គាល់ថា ការរាតត្បាតនៃជំងឺកូវីដ១៩បាននាំមកនូវការយល់ដឹងជាថ្មីអំពីសារៈសំខាន់នៃទឹកស្អាត។ លោកបានបន្ថែមថា ការលើកកម្ពស់អនាម័យគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលុបបំបាត់ ភាពក្រីក្រ។ Kishida បានប្រកាសពីគំនិតផ្តួចផ្តើមមួយ ដើម្បីជួយតំបន់អាស៊ីប៉ាស៊ីហ្វិកដោះស្រាយបញ្ហាទាក់ទងនឹងទឹក។ លោកបានសន្យាថានឹងផ្តល់ជំនួយប្រហែល ៥០០ ពាន់លានយ៉េន ឬជិត ៤ ពាន់លានដុល្លារជាជំនួយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ គំនិតផ្តួចផ្តើមនេះនឹងរួមបញ្ចូលវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដូចជាការកែលម្អសមត្ថភាពគ្រប់គ្រងធារាសាស្ត្រនៃទំនប់ និងការបង្កើនថាមពលវារីអគ្គិសនីជាដើម។
ក្រៅអំពីបញ្ហាទឹក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាដ៏សំខាន់មួយទៀតក៏ត្រូវបានលើកយកមកពិភាក្សាផងដែរគឺ លោក Fumio Kishida បានយល់ព្រមជាមួយសមភាគីកម្ពុជា ឡាវ និងទូវ៉ាលូ ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ ដើម្បីសហការក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ យ៉ាងណាមិញ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន លោក Kishida បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងណាមួយក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង គឺមិនអាចទទួលយកបាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ លោកបានបញ្ជាក់ថា សហគមន៍អន្តរជាតិ គឺស្ថិត នៅចំណុចសំខាន់មួយ ដើម្បីបញ្ចប់ការឈ្លានពានអមនុស្សធម៌របស់រុស្ស៊ី ការពារសន្តិភាព និង សណ្តាប់ធ្នាប់ក្នុង និងក្រៅតំបន់ ដែលការលើកឡើងនេះ គឺស្របទៅនឹងគំនិតរបស់សម្ដេច ហ៊ុន សែន ដែលបានលើកឡើងថា ជីវិតរបស់ជនស៊ីវិលជាច្រើន នឹងមិនត្រូវឱ្យបាត់បង់ឡើយ។ សម្ដេច ក៏ធ្លាប់បានបញ្ជាក់ពីជំហរ មិនគាំទ្រក្នុងការប្រើកម្លាំងសម្លុត គំរាមនោះឡើយ ដោយហេតុថា តាមរយៈបទពិសោធន៍ពីអតីតកាល កម្ពុជាបានយល់ និងដឹងច្បាស់ពីវិនាសកម្ម ក៏ដូចជាភាពព្រៃផ្សៃនៃសង្រ្គាមឆ្អែតឆ្អន់រួចមកហើយ ដូចនេះមិនថាក្នុងរូបភាពបែបណា យើងនៅតែលើកទឹកចិត្តឱ្យមានការចរចារកដំណោះស្រាយដោយសន្តិវិធី និងប្រឆាំងដាច់ខាតចំពោះការប្រើកម្លាំង៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Jiji Press, nippon.com