សម្ដេច ហ៊ុន សែន ពិចារណាដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈគ្រប់ភូមិសាស្ត្រ លើកលែងកន្លែងបិទជិត


នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ចំនួន១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ជុំវិញលទ្ធផលដ៏ល្អ ដែលកម្ពុជាសម្រេចបានលើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកន្លងមក រាជរដ្ឋាភិបាលកម្ពុជា​ នៅតែបន្តអំពាវនាវដល់ពលរដ្ឋឱ្យមកទទួលយកវ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យយើងមានលទ្ធភាពក្នុងការរំដោះខ្លួនឱ្យបានឆាប់បំផុត ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនេះ ផងដែរសម្ដេចបានលើកឡើងថា ថ្វីដ្បិតតែប្រជាពលរដ្ឋរបស់យើងមួយចំនួនធំ បានទទួលភាពស៊ាំពីវ៉ាក់សាំងដូសទី៣ និងទី៤ រួចរាល់ហើយក៏ដោយ ប៉ុន្តែក៏នៅមានជាង៦លាន៦សែននាក់ទៀត នៃចំនួនប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដូសទី៣ ។ សម្ដេច បានបញ្ជាក់ថា  ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យទាំងរដ្ឋនិង ក្រុមគ្រូពេទ្រស្ម័គ្រចិត្តទាំងអស់ ក៏ដូចជាកម្លាំងគ្រប់ផ្នែក ដែលចូលរួមក្នុងដំណើរការចាក់វ៉ាក់សាំង ត្រូវខិតខំជំរុញធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា អាចទទួលបាននូវដូសទី៣ យ៉ាងតិច ដែលនេះ ចាត់ទុកថាជាកាតព្វកិច្ចតម្រូវតែម្ដង ដើម្បីតម្រង់ឆ្ពោះទៅរកគោលដៅដែលយើងចង់បាន។

យ៉ាងណាមិញ ក្រោយការដកចេញនូវការពាក់ម៉ាស់ក្នុងខេត្តចំនួន៤ កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក៏បានពិចារណាក្នុងការ ដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនានា គ្រប់ភូមិសាស្ត្រ ពោលគឺផ្ដល់សិទ្ធជូនប្រជាពលរដ្ឋ ពាក់ម៉ាស់ ឬមិនពាក់អាស្រ័យលើពួកគាត់ តែយើងត្រូវអនុវត្តការពាក់ម៉ាស់នៅកន្លែងបិទជិត ដូចជានៅតាមក្រុមហ៊ុន ឬកន្លែងធ្វើការដែលមានម៉ាស៊ីនត្រជាក់ ជាបន្ទ​ប់បិទជិតជាដើម។ ជាមួយគ្នានេះដែរ កាលពីពេលចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ យើងបានសង្កេតឃើញថា ប្រជាពលរដ្ឋតិចណាស់ ដែលបានពាក់ម៉ាស់ក្នុងពេលលេងកម្សាន្ត ប៉ុន្តែក្នុងអំឡុងពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ អត្រាឆ្លងគឺស្ថិតក្នុងកម្រិតទាប។ ជាក់ស្ដែង​ យោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ម្សិលមិញនេះ តួលេខករណីឆ្លងថ្មី គឺមានត្រឹមតែ១៦នាក់ប៉ុណ្ណោះ។

ដោយឡែក ប្រសិនបើមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នោះបងប្អូនដែលពុំបានចាក់វ៉ាក់សាំងលើកទី៣ នឹងនៅតែប្រឈមនឹងហានិភ័យនៃការឆ្លង ហើយការឆ្លងនោះនឹងចម្លងទៅកាន់អ្នកដទៃ បង្កឱ្យមានការពាក់ម៉ាស់ទូទាំងប្រទេសជាថ្មីម្ដងទៀត។  ហេតុនេះ វ៉ាក់សាំងដូសទី៣ នឹងក្លាយជាបញ្ហាកាតព្វកិច្ច ដែលពលរដ្ឋត្រូវតែទៅទទួលខានមិនបាន មុនឈានដល់ការដកចេញនូវការពាក់ម៉ាស់នៅតាមទីសាធារណៈ។

សម្ដេចបានបន្តថា បញ្ហាការដកចេញនេះ យើងមិនត្រូវមើលឃើញតែមួយជ្រុងនៃបញ្ហាសុខភាពនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ចសង្គម ក៏ដូចជាបញ្ហាចិត្តសាស្ត្រផងដែរ។ ការពាក់ម៉ាស់បានធ្វើឱ្យប្រជាពលរដ្ឋមានការចំណាយខ្ពស់ជារៀងរាល់ខែ ប្រសិនបើយើងដកកាតព្វកិច្ចពាក់ម៉ាស់នេះបាន យើងអាចសន្សំសំចៃការចំណាយរបស់ក្រុមគ្រួសារនីមួយៗ ក៏ដូចជាការចំណាយក្នុសង្គមជាតិរបស់យើង៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister