ចិនស្វែងរកការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ស្របពេលមានភាពតានតឹងជាមួយអាម៉េរិក
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ មេបញ្ជាការជាន់ខ្ពស់មកពីកងកម្លាំងជើងគោកនៃយោធាកម្ពុជា និងមេបញ្ជាការ កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន បានផ្សារភ្ជាប់កិច្ចព្រមព្រៀងមួយ ស្ដីពីអនុស្សរណៈនៃការយោគយល់គ្នា តាមរយៈប្រព័ន្ធវីដេអូ ។
កម្ពុជា និងចិន ជាមិត្តដែកថែបនឹងគ្នាជាយូរមកហើយ។ ដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហការ រវាងយោធាទាំងពីរក្នុងវិស័យផ្សេងៗ រួមទាំងទំនាក់ទំនងជាយុទ្ធសាស្ត្រ សមយុទ្ធរួម និងការហ្វឹកហ្វឺន ការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលបុគ្គលិកបានបន្តកាន់តែស៊ីជម្រៅ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិលោកវរសេនីយ៍ឯក Wu Qian។
យ៉ាងណាមិញ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងកងទ័ពកម្ពុជា ចិន ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការស្វែងរកការពង្រឹងទំនាក់ទំនងសន្តិសុខក្នុងតំបន់ ចំពេលដែលទីក្រុងប៉េកាំងកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយភាគីកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Liu Zhenli មេបញ្ជាការ កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនមិនត្រឹមតែជាមិត្តល្អក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនានារបស់កម្ពុជាទេ តែប្រទេសចិនត្រូវបានចាត់ទុកថា ជាម្ចាស់ជំនួយដ៏ធំដែលតែងតែផ្ដល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើង ពិសេសស្ថិតក្នុងបរិបទកូវីដ-១៩នេះ ចិនជាចំណែកយ៉ាងសំខាន់ដែលផ្ដល់លទ្ធភាពដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង តាមរយៈជំនួយវ៉ាក់សាំងដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាព៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Bangkok Post, Bloomberg News