ធ្វើយ៉ាងណាដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស?
ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ជាក្ដីស្រមៃមួយរបស់អ្នកសិក្សាមួយចំនួនធំ។ បច្ចុប្បន្ននេះសិស្ស និស្សិតកម្ពុជាជាច្រើនបានចាប់អារម្មណ៍ចង់បន្តការសិក្សានៅបរទេស ក្នុងគោលបំណង សិក្សាពង្រីកចំណេះដឹងជាសាកល ឈ្វែងយល់ពីបរិបទនៃការសិក្សានៅបរទេស ជាពិសេសគឺការផ្លាស់ប្ដូរបទពិសោធន៍នៃការសិក្សា ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសមត្ថភាព និធនធានចំណេះដឹងដែលខ្លួនមានស្រាប់ឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ អាហារូបករណ៍ដែលផ្ដល់ជូនទាំងរដ្ឋ និងឯកជនក៏មានចំនួនច្រើន ប៉ុន្តែទាមទារឱ្យបេក្ខជនមានសមត្ថភាព ការយល់ដឹងទូលំទូលាយ និងបំពេញលក្ខខណ្ឌបានត្រឹមត្រូវ។ ដូចនេះ តើយើងត្រូវត្រៀមលក្ខណៈអ្វីខ្លះដើម្បីទទួលបានឱកាសដ៏ល្អនេះ?
លោក វង់ រស្មី បច្ចុប្បន្នជានិស្សិតអាហារូបករណ៍ សិក្សានៅប្រទេសចិន ជំនាញ ស្ថាបត្យកម្ម បានចែករំលែកនូវបទពិសោធក្នុងការប្រលងប្រជែងថា៖ «ជំហានដំបូង ត្រូវចេះស្វះស្វែង ស៊ើបរកដំណឹងអាហារូបករណ៍ តាមរយៈបណ្ដាញសង្គម តាមដានផេកហ្វេសបុកផ្លូវការរបស់ សមាគមន៍និស្សិតខ្មែរប្រចាំប្រទេសចិន ដែលផ្សព្វផ្សាយអំពីការផ្ដល់អាហារូបករណ៍ ឬ ផេកផ្លូវការរបស់ស្ថានទូតចិនដែលជាអាហារូបករណ៍ផ្ដល់ដោយរាជរដ្ឋាភិបាលចិន។ អ្វីដែលពិសេសនោះគឺ ការចេះសួរព័ត៌មានពីសិស្សច្បងដែលបានប្រលងជាប់នៅឆ្នាំមុនៗ ដើម្បីងាយស្រួលដឹងពីរបៀបរបបនៃការរស់នៅ ការសិក្សាក្នុងប្រទេសចិន សំខាន់ជាងនេះគឺ ដឹងពីឯកសារដែលត្រូវភ្ជាប់ជាមួយ និងងាយស្រួលត្រៀមមុខវិជ្ជាសម្រាប់ការប្រលងប្រជែងនាពេលខាងមុខ»។
លោកបានបន្តថា «ចំពោះការត្រៀមខ្លួនប្រលង គឺត្រូវចេះត្រៀមមេរៀនឱ្យបានល្អតាំងពីដើមឆ្នាំទី១២ កំណត់គោលដៅខ្លួនឯងឱ្យច្បាស់ថាចង់ទៅប្រទេសណា រួចព្យាយាមប្រមូលវិញ្ញាសាដែលធ្លាប់ចេញប្រលងនៅឆ្នាំចាស់ៗមកធ្វើរាល់ថ្ងៃ គ្រប់វិញ្ញាសា។ ជាក់ស្ដែងចំពោះ លោកផ្ទាល់ គឺឆ្លងកាត់ការប្រលងចំនួន ៤ មុខវិជ្ជា មាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស។ នៅពេលពិន្ទុទាំង៤មុខវិជ្ជាសមស្របតាមកម្រិតស្ដង់ដារ នោះមានន័យថានឹងទទួលបានឱកាសមកសិក្សានៅប្រទេសចិនហើយ»។
ដោយឡែក កញ្ញា ព្រិន សុក្រមុត្តា សព្វថ្ងៃជានិស្សិតអាហារូបករណ៍ ជំនាញ វិស្វកម្មគីមី នៅប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា៖ «ដំបូងត្រូវដឹងអំពីប្រភពដែលផ្ដល់ព័ត៌មាន អាហារូបករណ៍សិន ដូចជាតាមហ្វេសបុកផេកផ្លូវការរបស់ស្ថានទូតជប៉ុន ឬតាមវេបសាយនានាដែលបានចែករំលែកនូវព័ត៌មានផ្ដល់អាហារូបករណ៍ក្រៅប្រទេសដល់សិស្ស-និស្សិត។ មួយវិញទៀត គឺត្រូវចេះមានទំនាក់ទំនងល្អជាមួយសិស្សច្បងដែលប្រលងជាប់ទៅមុនយើង ដើម្បីឱ្យគាត់ផ្ដល់មតិយោបល់ទៅលើមុខជំនាញ ការត្រៀមឯកសារ របៀបដាក់ពាក្យប្រលង និង សាកលវិទ្យាល័យដែលគួរជ្រើសរើសសិក្សាផងដែរ។ បន្ថែមពីលើនេះទៀត ចំពោះកញ្ញាផ្ទាល់ដែលសិក្សាជំនាញ វិស្វកម្មគីមី គឺត្រូវប្រលង៤មុខវិជ្ជាមាន គីមីវិទ្យា គណិតវិទ្យា ភាសាអង់គ្លេស និងភាសាជប៉ុន»។ កញ្ញាបញ្ជាក់ផងដែរថា «ចំពោះប្អូនៗដែលមានបំណងសិក្សាជំនាញនេះ គឺត្រូវចេះស្វែងរកវិញ្ញាសាដែលគេធ្លាប់ចេញប្រលងកាលពីឆ្នាំមុនៗ តាមវេបសាយនានា ដើម្បីរៀនធ្វើ រៀនមើលឲ្យយល់ ហ្វឹកហាត់សរសេរឱ្យស្ទាត់ស្របតាមពេលវេលាដែលគេកំណត់»។
ចំណេះដឹងជារឿងដ៏សំខាន់ តែការចេះតាមដានព័ត៌មាន និងឈោងចាប់ឱកាសក៏ជារឿងចាំបាច់សម្រាប់សិស្ស និស្សិតដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។ ដូច្នេះ គួរចេះចាប់យកគន្លឹះល្អៗមកសិក្សារៀនសូត្រ បង្កើតទម្លាប់ល្អៗ ចាប់ផ្ដើមធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ ទើបយើងអាចឆ្ពោះទៅដល់គោលដៅដែលយើងចង់បាន៕
កែសម្រួលដោយ៖ BRANDMEDIA