ក្រសួងកសិកម្ម និង FAO រួមគ្នាពង្រឹងតួនាទីមន្ត្រីកសិកម្មនៅក្នុងខេត្តចំនួន៤ ដើម្បីគាំទ្រគ្រួសារកសិករចំនួន ១០ម៉ឺនគ្រួសារ


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង «គុជ» (PEARL) ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងកន្លងមក និងពិភាក្សាតម្រង់ទិសការងារ ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧។

កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគម្រោង ដើម្បីសម្រេចគោលដៅគាំទ្រគ្រួសារកសិករចំនួន ១០០ ០០០គ្រួសារ តាមរយៈការពង្រឹងសេវាកសិកម្ម និងតួនាទីរបស់មន្ត្រីកសិកម្មឃុំ​​សង្កាត់ នៅក្នុងខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និងឧត្តរមានជ័យ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងភាពជាដៃគូ ការសម្របសម្រួល និងការអនុវត្តសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាការគាំទ្រដល់គ្រួសារកសិករគោលដៅ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅ និងពង្រឹងភាពធន់របស់គ្រួសារកសិករ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ