មនុស្សជាង ១០ម៉ឺននាក់នៅបារាំង ចេញតវ៉ា ទាមទារឱ្យដំឡើងប្រាក់ខែ និងបន្ថយថ្លៃទំនិញ!
បារាំង៖ ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់បានចូលរួមក្នុងបាតុកម្មទូទាំងប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីតវ៉ាទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ជាពិសេសសម្រាប់បុគ្គលិកវិស័យសាធារណៈ ដោយសារតែការកើនឡើងនៃថ្លៃទំនិញ និងសេវាកម្មធ្វើឱ្យអត្រាប្រើប្រាស់មានការធ្លាក់ចុះជាគំហក។



ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា បាតុកម្មនេះមានអ្នកចូលរួមសរុបប្រមាណ ១៤៦.០០០នាក់ ក្នុងនោះមាន ២៨.០០០នាក់ នៅទីក្រុងប៉ារីស។ ចំណែកសហជីព CGT បានប៉ាន់ប្រមាណថា ចំនួនអ្នកចូលរួមទូទាំងប្រទេសមានលើសពី ៥០០.០០០នាក់។
បាតុកម្មនេះត្រូវបានរៀបចំឡើងដោយសហជីពមួយចំនួន និងមានការចូលរួមពីបុគ្គលិករដ្ឋ មន្ត្រីសិក្សានៅវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ។ ការតវ៉ាកើតឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងតំណាងសហជីព និងនាយករដ្ឋមន្ត្រី សេបាស្ទៀន ឡឺក័រនូ កាលពីថ្ងៃសុក្រមិនទទួលបានលទ្ធផលតាមការរំពឹងទុករបស់សហជីព។
សហជីពទាមទារឱ្យមានការដំឡើងប្រាក់ខែជាទូទៅ និងស្នើឱ្យរដ្ឋាភិបាលបង្កើនតម្លៃមូលដ្ឋានដែលប្រើសម្រាប់គណនាប្រាក់បៀវត្សរ៍មន្ត្រីសាធារណៈ។ តាមការអះអាងរបស់សហជីព អំណាចទិញរបស់បុគ្គលិកវិស័យសាធារណៈបានធ្លាក់ចុះ ១៦% ចាប់តាំងពីឆ្នាំ២០១៧ ដោយសារការកើនឡើងនៃថ្លៃទំនិញ និងសេវាកម្ម។
ទោះជាយ៉ាងណា រដ្ឋាភិបាលបារាំងបានច្រានចោលការដំឡើងប្រាក់ខែជាទូទៅសម្រាប់បុគ្គលិកវិស័យសាធារណៈជាឆ្នាំទី៤ជាប់ៗគ្នា ក្នុងសេចក្តីព្រាងថវិកាថ្មី ដោយសារកម្រិតបំណុលជាតិ និងសម្ពាធលើហិរញ្ញវត្ថុសាធារណៈក្នុងប្រទេស។
សូមបញ្ជាក់ថា បាតុកម្មកាលពីថ្ងៃទី១៧ ខែវិច្ឆិកា គឺជាការអំពាវនាវឱ្យមានកូដកម្ម និងការតវ៉ារួមគ្នាលើកទី៣ ក្នុងវិស័យសាធារណៈ ចាប់តាំងពីខែកញ្ញាមក។ ចលនាតវ៉ាដែលចាប់ផ្តើមពីការទាមទារកែលម្អលក្ខខណ្ឌអប់រំរបស់សិស្ស បានរីករាលដាលទៅជាការទាមទារដោះស្រាយបញ្ហាថ្លៃប្រេងឥន្ធនៈ ប្រាក់ឈ្នួល និងលំនៅឋានសង្គមផងដែរ៕
ប្រភព៖ Aljazeera















