សម្តេចធិបតី ឃួន សុដារី ប្រាប់សមាជិកសភាសហព័ន្ធអូស្ត្រាលី ពីទុក្ខលំបាកជនភៀសសឹកកម្ពុជាក្នុងសង្គ្រាមឈ្លានពានថៃ និងទាមទារឱ្យថៃគោរពផែនទីផ្លូវការដែលទទួលស្គាល់ដោយអន្តរជាតិ!


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រលាញ់សន្តិភាព និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់ព្រំដែនគោក កម្ពុជាទាមទារឱ្យភាគីថៃគោរពផែនទីផ្លូវការរវាងប្រទេសទាំងពីរ ដែលទទួលស្គាល់ដោយអន្តរជាតិ។ កម្ពុជាមិនអាចទទួលយកបានឡើយនូវការកំណត់ព្រំដែនដោយកម្លាំង និងដោយឯកតោភាគីបានឡើយ។

ប្រសាសន៍របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Miller-Frost សមាជិកសភាសហព័ន្ធអូស្ត្រាលី និងជាប្រធានគណៈកម្មាធិការគោលនយោបាយសង្គម និងកិច្ចការច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបដល់ប្រតិភូសមាជិករដ្ឋសភាអូស្រ្តាលី អំពី ពីស្ថានភាពដែលពលរដ្ឋខ្មែរប្រមាណ២ម៉ឺននាក់ កំពុងរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដោយសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ក្រោយពីភាគីថៃបានរំលោភបំពានលើអធិបតេយ្យកម្ពុជា ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពយ៉ាងណាក្តី និងបាននឹងកំពុងកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។

ជាមួយគ្នានោះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្នើភាគីថៃគោរពច្បាប់ គោរពកិច្ចព្រមព្រៀង ព្រមទាំងដោះស្រាយបញ្ហាដោយយន្តការទ្វេភាគីដែលមានស្រាប់។ ចំពោះដែនសមុទ្រត្រួតស៊ីគ្នា ភាគីទាំងពីរកំពុងដោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងជំនាញដ៏ប៉ិនប្រសប់របស់អូស្ត្រាលី ក្នុងការអនុវត្តអនុសញ្ញា UNCLOS រួមទាំងអភិបាលកិច្ចដែនសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ។ ជាក់ស្តែង លោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ។

ទន្ទឹមនឹងនោះ សម្តេចក៏បានស្នើឱ្យអូស្ត្រាលីបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាផងដែរ។ ជាការឆ្លើយតប លោកជំទាវ ល្វីស មីល័រ-ហ្វ្រស បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបពិភាក្សាការងារជាមួយលោកជំទាវនាឱកាសនេះ។ លោកជំទាវបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើច្រើនវិស័យ រួមទាំងបញ្ហាសន្តិភាពផងដែរ។

ប្រភព៖ National Assembly of Cambodia