ចរាចរណ៍ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) បានធ្លាក់ចុះ ២៨% បើធៀបនឹងឆ្នាំមុន!
ឌូបៃ៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) បានទទួលអ្នកដំណើរចំនួន ៥០,៤លាននាក់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ធ្លាក់ចុះ ២៨,១% បើធៀបនឹងឆ្នាំមុន ដោយសារផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ ខណៈក្នុងរយៈពេល ៩ខែដូចគ្នានៃឆ្នាំ២០២៥ អាកាសយានដ្ឋាននេះមានអ្នកដំណើរប្រមាណ ៧០,១ លាននាក់។



យោងតាមក្រុមហ៊ុន Dubai Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងត្រីមាសទី៣ អាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរចំនួន ១៨,៨លាននាក់ ធ្លាក់ចុះ ២២,១% (ខែកក្កដា-កញ្ញា ឆ្នាំ២០២៦) បើធៀបនឹងត្រីមាសទី៣ ក្នុងឆ្នាំ២០២៥។
ជម្លោះនៅមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ក្នុងតំបន់ ខណៈប្រទេសមួយចំនួនបានបិទដែនអាកាសជាបណ្តោះអាសន្ននៅដំណាក់កាលដំបូងនៃជម្លោះ។ ទោះបីក្រុមហ៊ុនអាកាសចរណ៍ធំៗនៅតំបន់ឈូងសមុទ្របានចាប់ផ្តើមស្តារប្រតិបត្តិការឡើងវិញជាបណ្តើរៗក៏ដោយ ការវាយប្រហារថ្មីៗលើប្រទេសអារ៉ាប៊ីសាអូឌីតដោយក្រុមហ៊ូទីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅតែបង្កភាពមិនច្បាស់លាស់ចំពោះការស្តារវិស័យនេះឡើងវិញពេញលេញ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Dubai Airports បានរំពឹងថា អាកាសយានដ្ឋានអន្តរជាតិឌូបៃនឹងទទួលអ្នកដំណើរប្រមាណ ៧០លាននាក់នៅពេញមួយឆ្នាំ២០២៦។ លោក Paul Griffiths នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដែលបានផ្អាកជើងហោះហើរមកកាន់តំបន់នេះដោយសារសង្គ្រាម បានចាប់ផ្តើមវិលត្រឡប់មកដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រួមទាំងក្រុមហ៊ុន British Airways ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនបានបន្ថែមថា ចរាចរណ៍អ្នកដំណើរដែលធ្វើដំណើរត្រង់មកឌូបៃ និងអ្នកដំណើរដែលបន្តជើងហោះហើរទៅកាន់គោលដៅផ្សេងទៀត នៅតែមានភាពប្រហាក់ប្រហែលគ្នា ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់អាកាសយានដ្ឋាននេះ ទាំងជាច្រកចូលទីក្រុងឌូបៃ និងជាមជ្ឈមណ្ឌលតភ្ជាប់ការធ្វើដំណើរអន្តរជាតិផង។
ប្រភព៖ Reuters















