ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ចេញសេចក្តីថ្កោលទោស ចំពោះទង្វើបៀតបៀនរបស់បុរសមួយ ទៅលើស្ត្រីជាអ្នកលក់ផ្លែឈើក្នុងពិធីជប់លៀងមួយ!
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះព័ត៌មាន និងវីដេអូដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសកម្មភាពរបស់បុរសមួយក្រុមដែលមានលក្ខណៈមើលងាយ និងប៉ះពាល់ដល់រាងកាយ ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រីម្នាក់ដែលប្រកបរបរលក់ដូរក្នុងពិធីបុណ្យមួយ។



តាមរយៈសេចក្តីប្រកាសនេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយា មើលងាយ និងបំពានលើរាងកាយ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ដោយសង្កត់ធ្ងន់ថាទង្វើទាំងនេះបានបំផ្លាញសីលធម៌សង្គម និងការគោរពតម្លៃមនុស្ស។ ជាមួយគ្នានេះ ស្រ្តីគ្រប់រូបទោះបីប្រកបរបរបុរាណ ឬមានស្ថានភាពបែបណាក៏ដោយ ក៏គប្បីទទួលបានការគោរព ការការពារ និងការប្រកបរបរដោយជីវិតរស់នៅដោយសេចក្តីថ្លៃថ្នូរផងដែរ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យស៊ើបអង្កេត និងបញ្ជាក់អង្គហេតុឱ្យបានត្រឹមត្រូវ ដើម្បីចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមាន ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ក្រសួងក៏បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យបញ្ឈប់ការចែកចាយ និងការលេងសើចលើស្ត្រី រួមទាំងជៀសវាងការចែករំលែកបន្តនូវវីដេអូបំពាននោះ ដើម្បីការពារសុខភាពផ្លូវចិត្ត និងកិត្តិយសរបស់ជនរងគ្រោះ។
ជាចុងបញ្ចប់ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមការពារសិទ្ធិ លើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រីគ្រប់រូបភាព សំដៅរួមចំណែកកសាងសង្គមប្រកបដោយសុវត្ថិភាព សមភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក។
ប្រភព៖ ក្រសួងមហាផ្ទៃ













