ថៃភ័យខ្លួន រត់រកលេខាធិការដ្ឋានហ្វ្រង់កូហ្វូនីព្រោះខ្លាចកម្ពុជាលាតត្រដាងការពិតអំពីបញ្ហាព្រំដែន


ថៃបានបញ្ជូនកង្វល់ជាផ្លូវការទៅលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដោយបារម្ភថា កម្ពុជាអាចប្រើកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដើម្បីបង្ហាញជំហរអំពីវិវាទព្រំដែន ដែលភាគីថៃហៅថាជា «ការអះអាងតែម្ខាង»។ ការបារម្ភមុនកិច្ចប្រជុំចាប់ផ្ដើមនេះ ចោទជាសំណួរថា តើថៃកំពុងខ្លាចអ្វីពីការបង្ហាញជំហររបស់កម្ពុជាលើឆាកអន្តរជាតិ?

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានថ្លែងកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកាថា ថៃបារម្ភជាពិសេសចំពោះការលើកឡើងអំពីជម្លោះព្រំដែន និងសកម្មភាពរបស់ថៃ នៅក្នុងសេចក្ដីព្រាងឯកសារចុងក្រោយនៃកិច្ចប្រជុំកំពូលនេះ។

ក្រៅពីជម្រាបទៅលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ក្រសួងការបរទេសថៃក៏បានជម្រាបតំណាងស្ថានទូតចំនួន១១ អំពីកង្វល់របស់ខ្លួនផងដែរ។ លោក ស៊ីហាសាក់ បានឱ្យដឹងថា លោករំពឹងនឹងលើកបញ្ហានេះពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបារាំងដែលទើបត្រូវបានតែងតាំងថ្មី។

តាមទស្សនៈវិភាគជាច្រើនបានលើកឡើងថា ការដែលថៃប្រញាប់លើកកង្វល់ទៅកាន់ភាគីនានា មិនមែនជាភស្តុតាងបញ្ជាក់ថា ជំហររបស់កម្ពុជាខុសនោះឡើយ។ ប្រសិនបើថៃមានទំនុកចិត្តលើភាពត្រឹមត្រូវរបស់ខ្លួន ការឆ្លើយតបដោយឯកសារ អង្គហេតុ និងអំណះអំណាងច្បាប់ គួរមានទម្ងន់ជាងការព្យាយាមជំទាស់ទុកជាមុនចំពោះអ្វីដែលកម្ពុជាអាចលើកឡើង។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ដោយថៃនឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍៕