រដ្ឋមន្ត្រីក្រសួងការងារវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន NPIC


ដោយ៖ ផេង ផល្លា

កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណៈប្រឹក្សាភិបាលនៃកម្មវិធី «មុខរបរ និងការងារ សមរម្យរបស់ យុវជននៅកម្ពុជា ដំណាក់កាលទី២» ឯកឧត្តមបណ្ឌិត អុិត សំហេង​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ជា សហប្រធានកម្មវិធី មុខរបរ ​និងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២  ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀតបានអញ្ជើញចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC ដែលជាវិទ្យាស្ថានធ្លាប់មានកិច្ចសហប្រតិបត្តិការលើគម្រោងសាកល្បងរួមមាន គ្រឿងម៉ាស៊ីន កែច្នៃបន្លែផ្លែឈើ អាហារ និងការដុតនំ។   

គណៈប្រតិភូក៏បានអញ្ជើញចុះទៅពិនិត្យមើលរោងជាងរបស់វិទ្យាស្ថាន ដូចជាបន្ទប់ មេកានិច បន្ទប់អគ្គិសនី បន្ទប់មេកាត្រូនិច១ បន្ទប់មេកាត្រូនិច២  ​បណ្ណាល័យ សាលបញ្ញាសប្បនិមិ្មត និងមន្ទីរពិសោធន៍ចំណីអាហារ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ទៅដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC  ដែលមានកម្មវិធីបណ្ដុះបណ្ដាលបានយ៉ាងល្អទៅដល់សិស្សនិស្សិតនៅពេលដែលពួកគេបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានកន្លងមក គឺតែងទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងអាជីពការងាររបស់ខ្លួន។         សិស្សនិសិ្សតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអាចមានសមត្ថភាពគ្រប់គ្រងផលិតកម្មឲ្យក្រុមហ៊ុនធំៗ ឯមួយចំនួនទៀត ក៏បើកជាអាជីវកម្មលក្ខណៈឯកជនផ្ទាល់ខ្លួនហើយទទួលបានការរីកចម្រើន និងមានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។

បន្ទាប់ពីបានចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកវិទ្យា NPIC រួចមក គណៈប្រតិភូក៏បានអញ្ជើញចុះទៅពិនិត្យនៅតាមទីតាំងមួយចំនួនទៀតដែលជាដៃគូអនុវត្តគម្រោងនៃកម្មវិធីមានដូចជា ក្រុមហ៊ុន​ អិនវី ស៊ី​​ ខបភើរេសិន​ ខូ អិលធីឌី  (N.V.C Corporation Co.,Ltd)  ដែលជាក្រុមហ៊ុនផលិតទឹក​​ បរិសុទ្ធវិតាល់។ សម្រាប់ភាពជាដៃគូក្រុមហ៊ុនបានជ្រើសរើសសិស្សនិស្សិតចេញពី វិទ្យាស្ថាន NPIC ដើម្បីបម្រើការក្នុងក្រុមហ៊ុន រួមទាំងសិស្សដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បង លើសមត្ថភាពជំនាញគ្រឿងម៉ាស៊ីន ​​​ការកែច្នៃបន្លែផ្លែឈើ និងការដុតនំ។  ជាមួយគ្នានេះ គណៈប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលកំពុងមានការដំណើរការផងដែរ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ