ថៃបារម្ភសុវត្ថិភាពប្រជាជនតាមព្រំដែន តែបានត្រឹមស្នើឱ្យមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការយោធាដោយប្រុងប្រយ័ត្ន


រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានស្នើឱ្យមីយ៉ាន់ម៉ាប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងប្រតិបត្តិការយោធា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋថៃដែលរស់នៅតាមព្រំដែន។ សំណើនេះត្រូវបានលើកឡើងក្នុងជំនួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង និងមន្ត្រីជាន់ខ្ពស់ នៅទីក្រុងណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា។

យោងតាមក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ក៏បានអំពាវនាវឱ្យមានវិធានការកាត់បន្ថយអំពើហិង្សា ជាពិសេសផលប៉ះពាល់លើជនស៊ីវិល និងបង្កើនលទ្ធភាពផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការជំនួយ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរគ្រឿងញៀន ព្រមទាំងដោះស្រាយបញ្ហាបំពុលទឹកទន្លេឆ្លងដែន តាមរយៈក្រុមការងាររួម។ ភាគីទាំងពីរក៏បានឯកភាពលើកកម្ពស់ពាណិជ្ជកម្មតាមព្រំដែន ការគ្រប់គ្រងពលករ និងសន្តិសុខថាមពលផងដែរ។

ថៃក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះដំណើរការសន្តិភាពនៅមីយ៉ាន់ម៉ា និងការចូលរួមរបស់មីយ៉ាន់ម៉ាជាមួយអាស៊ានក្នុងស្មារតីស្ថាបនា៕

ប្រភព៖ Khaosod