គ្រោះថ្នាក់នៅប៉ាតាយ៉ា! ទូកដឹកភ្ញៀវទេសចរ និងទូកនេសាទបុកគ្នាយ៉ាងខ្លាំង បណ្ដាលឱ្យមនុស្សច្រើននាក់រងរបួស
(ប៉ាតាយ៉ា)៖ មនុស្សចំនួន ៩នាក់បានរងរបួស បន្ទាប់ពីទូកល្បឿនលឿនមួយគ្រឿងបានបុកជាមួយទូកនេសាទ នៅក្បែរកំពង់ផែឡែមបាលីហៃ (Laem Bali Hai Pier) ក្នុងតំបន់ប៉ាតាយ៉ាខាងត្បូង ខេត្តឈុនបុរី ប្រទេសថៃ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។


យោងតាមសារព័ត៌មាន Khaosod English បានឱ្យដឹងថា ហេតុការណ៍នេះត្រូវបានរាយការណ៍ទៅកាន់មន្ត្រីជួយសង្គ្រោះគ្រោះមហន្តរាយតាមផ្លូវទឹក។ បន្ទាប់មកភ្លាមៗ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបានចុះទៅដល់ទីតាំងកើតហេតុ ដែលស្ថិតនៅក្បែរកំពង់ផែ ក្នុងស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ។
តាមការរាយការណ៍ ទូកនេសាទប្រភេទពីរជាន់បានរងការខូចខាតនៅផ្នែកក្បាលទូក ខណៈទូកល្បឿនលឿនដែលស្ថិតនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីគ្នា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងឆ្វេង និងចាប់ផ្តើមលិចបន្តិចម្តងៗ។
ក្រុមសង្គ្រោះ និងប្រតិបត្តិករទូកបានជួយនាំអ្នកដំណើររងរបួសទាំង ៩នាក់ ឡើងមកលើគោក។ ជនរងគ្រោះភាគច្រើនមានរបួសរលាត់ស្បែក និងស្ថិតក្នុងសភាពតក់ស្លុត មុនពេលទទួលបានការសង្គ្រោះបឋម និងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។ ក្នុងចំណោមអ្នករងរបួសទាំង ៩នាក់ មានស្ត្រីជនជាតិថៃ ៦នាក់ ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ និងស្ត្រីជនជាតិរុស្ស៊ី ២នាក់។
ចំណែកសមត្ថកិច្ចបានឱ្យដឹងថា ទូកល្បឿនលឿនខាងលើមានមនុស្សជិះសរុប ២៧នាក់ រួមទាំងអ្នកបើកបរ និងសមាជិកនាវិកម្នាក់ ដោយកំពុងដឹកភ្ញៀវត្រឡប់ទៅកំពង់ផែឡែមបាលីហៃវិញ បន្ទាប់ពីចេញពីទូកភោជនីយដ្ឋានមួយ។
ប្រភព៖ Khaosod English













