ឯកឧត្តមបណ្ឌិត សោម រតនា៖ ការកែលម្អការរៀន និងបង្រៀនដោយផ្ដោតលើអនាគតផល និងការកែទម្រង់ប្រព័ន្ធគាំទ្រ ជាអាទិភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្មអនុវិស័យឧត្តមសិក្សាកម្ពុជា


ប្រទេសហ្វីលីពីន៖ ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ តំណាងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់តំបន់ស្ដីពី «សប្ដាហ៍ឧត្តមសិក្សាអាស៊ាន-ចក្រភពអង់គ្លេស» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលវេទិកានេះត្រូវបានរៀបចំឡើងដោយស្ថានទូតអង់គ្លេសប្រចាំប្រទេសហ្វីលីពីន ប្រតិភូចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ាន និងក្រោមកិច្ចសហការជាមួយស្នងការឧត្តមសិក្សាហ្វីលីពីន (CHED) និងក្រសួងអប់រំហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអនុវិស័យឧត្តមសិក្សានៃបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់មុនពិធី លោកជំទាវបណ្ឌិត Shirley C. Agrupis ប្រធានស្នងការឧត្តមសិក្សាហ្វីលីពីន បានបញ្ជាក់ថា គោលបំណងនៃជំនួបនៅពេលនេះ គឺផ្ដោតលើការរិះរកទម្រង់នៃកិច្ចសហការរវាងសមាគមប្រជាជាតិអាស៊ាន និងចក្រភពអង់គ្លេសលើវិស័យឧត្តមសិក្សា ដែលមានប្រសិទ្ធភាព និងនិរន្តរភាព ធានាបាននូវគុណភាពអប់រំកម្រិតតំបន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។

ជាមួយគ្នានោះដែរ លោកជំទាវ Helen Fazey ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ាន ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការជំរុញ និងគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យឧត្តមសិក្សា គឺជាអាទិភាពចម្បងរបស់ចក្រភពអង់គ្លេសជាមួយបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន។

ជាការឆ្លើយតបទៅនឹងគោលបំណងនៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានគណៈប្រតិភូកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក រវាងកម្ពុជា និងចក្រភពអង់គ្លេសលើវិស័យអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា។ ឯកឧត្តម បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពសំខាន់បំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧។

ស្របតាមគោលនយោបាយនេះ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការកែលម្អការរៀន និងបង្រៀនដោយផ្ដោតលើអនាគតផល (OBE) ការផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងទីផ្សារ និងការកែទម្រង់ប្រព័ន្ធគាំទ្រ ជាអាទិភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្មអនុវិស័យឧត្តមសិក្សាកម្ពុជា។

ជាអនុសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមបានស្នើឱ្យមាននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសជាសមាជិកអាស៊ាន និងរវាងចក្រភពអង់គ្លេស ដោយផ្ដោតលើកិច្ចសហការស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ជាពិសេសការសិក្សាលើឧត្តមានុវត្តន៍នៃកិច្ចសហការរវាងសាកលវិទ្យាល័យ និងសហគ្រាស (University-Industry Linkage) ដើម្បីធានាថា និស្សិតដែលបញ្ចប់ការសិក្សា មានសមត្ថភាពពិតប្រាកដ ឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារនាពេលអនាគត ហើយសហគ្រាសក៏នឹងក្លាយទៅជាដៃគូសំខាន់សម្រាប់ដំណើរឆ្ពោះទៅមុខនេះផងដែរ៕

ប្រភព៖ ក្រសួងអប់រំ