មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លេចវត្តមានក្នុងទឹកដីកំណើតវិញ ក្រោយបាត់មុខជិត១ឆ្នាំ និងព្យាយាមចូលប្រទេសជាច្រើនលើកតែមិនបានសម្រេច!


ការ៉ាកាស៖ លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ (María Corina Machado) មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានវិលត្រឡប់ចូលប្រទេសកំណើតវិញហើយ បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេលប្រមាណ ១០ខែ និងព្យាយាមវិលត្រឡប់មកវិញជាច្រើនលើកមិនបានសម្រេច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euronews កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

គួររំឭកថា លោកស្រី ម៉ាឆាដូ បានចាកចេញពីប្រទេសវេណេស៊ុយអេឡាដោយសម្ងាត់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាពនៅទីក្រុងអូស្លូ ប្រទេសន័រវេស។ ចាប់តាំងពីពេលនោះមក លោកស្រីបានបន្តសកម្មភាពនយោបាយភាគច្រើនក្នុងសហរដ្ឋអាមេរិក និងប្រទេសប៉ាណាម៉ា។

យោងតាមគណបក្សរបស់ប្រទេសបានឱ្យដឹងថា លោកស្រី បានព្យាយាមវិលត្រឡប់មកប្រទេសវិញចំនួន ៧លើក ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដោយចេញដំណើរពីសហរដ្ឋអាមេរិក ប៉ាណាម៉ា និងកោះគូរ៉ាសៅ (Curaçao) ប៉ុន្តែត្រូវបានរារាំងម្តងហើយម្តងទៀតដោយអាជ្ញាធរវេណេស៊ុយអេឡា។

ការវិលត្រឡប់របស់លោកស្រីកើតឡើងក្នុងពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងមានការផ្លាស់ប្តូរ។ កាលពីប៉ុន្មានសប្តាហ៍មុន កងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) អតីតមេដឹកនាំវេណេស៊ុយអេឡា និងនាំខ្លួនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។ បន្ទាប់មក លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) ដែលធ្លាប់ជាអនុប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ បានចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានអះអាងថា ការវិលត្រឡប់របស់លោកស្រី ម៉ាឆាដូ គឺជាលទ្ធផលដោយផ្ទាល់ពីកិច្ចចរចាផ្សះផ្សាដែលមានការគាំទ្រពីសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា កិច្ចចរចានេះបានរួមចំណែកដល់ការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ និងអនុញ្ញាតឱ្យឥស្សរជននយោបាយប្រឆាំងរាប់រយនាក់វិលត្រឡប់ពីការនិរទេស។

មុនពេលវិលត្រឡប់មកប្រទេសវិញ លោកស្រី ម៉ាឆាដូ បានអំពាវនាវឱ្យប្រជាជនវេណេស៊ុយអេឡាចេញមកតាមដងផ្លូវ និងទាមទារឱ្យរដ្ឋាភិបាលកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការបោះឆ្នោតប្រធានាធិបតី។ ការទាមទារនេះ គឺជាចំណុចសំខាន់មួយក្នុងចំណោមការទាមទាររបស់លោកស្រីចំពោះរដ្ឋាភិបាលបណ្តោះអាសន្ន។

ទោះជាយ៉ាងណា ការវិលត្រឡប់របស់លោកស្រី ម៉ាឆាដូ នៅពេលនេះបានបង្កើតជាសំណួរថ្មីអំពីតួនាទីដែលលោកស្រីអាចដើរតួក្នុងឆាកនយោបាយវេណេស៊ុយអេឡា ខណៈអនាគតរបស់ប្រទេសនេះកំពុងស្ថិតក្រោមឥទ្ធិពលនៃការចរចារវាងក្រុមអ្នកគាំទ្រមនោគមវិជ្ជា ឆាវីស្មូ (Chavismo) ក្រុមប្រឆាំងនយោបាយ និងសហរដ្ឋអាមេរិក។

ប្រភព៖ Euronews