អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូអូ ហ្វូគូដា បានទទួលមរណភាពក្នុងវ័យ ៩០ឆ្នាំ
តូក្យូ៖ លោក យ៉ាស៊ូអូ ហ្វូគូដា (Yasuo Fukuda) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានគេស្គាល់ថា ជាមេដឹកនាំមួយរូបដែលបានជំរុញការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ី ជាពិសេសប្រទេសចិន បានទទួលមរណភាពក្នុងវ័យ ៩០ឆ្នាំ កាលពីថ្ងៃទី២២ ខែតុលា ដោយសារជំងឺខ្សោយបេះដូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

លោក ហ្វូគូដា បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅឆ្នាំ២០០៧ បន្ទាប់ពីលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានលាលែងពីតំណែងភ្លាមៗ។ លោកបានកាន់តំណែងនេះមិនដល់មួយឆ្នាំផង មុនពេលសម្រេចចិត្តលាលែងពីតំណែងនៅឆ្នាំ២០០៨ ដោយសារជាប់គាំងក្នុងដំណើរការអនុម័តច្បាប់ និងការខ្វែងគំនិតគ្នាក្នុងរដ្ឋសភា។
សូមបញ្ជាក់ថា លោក យ៉ាស៊ូអូ ហ្វូគូដា ជាកូនប្រុសដំបូងរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក តាកេអូ ហ្វូគូដា (Takeo Fukuda) ដែលបានក្លាយជានាយករដ្ឋមន្ត្រីដូចឪពុករបស់លោកផងដែរ។ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោកបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យវ៉ាសេដា (Waseda University) ដ៏ល្បីល្បាញរបស់ជប៉ុន ហើយបានធ្វើការនៅក្រុមហ៊ុនប្រេងមួយអស់រយៈពេលជិត ២០ឆ្នាំ រួមទាំងការបំពេញការងារនៅសហរដ្ឋអាមេរិករយៈពេល ២ឆ្នាំផងដែរ។
លោក ហ្វូគូដា បានចូលប្រឡូកក្នុងនយោបាយនៅឆ្នាំ១៩៧៦ ក្នុងនាមជាលេខានយោបាយរបស់ឪពុកលោក ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាជាន់ទាបរបស់ជប៉ុននៅឆ្នាំ១៩៩០។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ លោកបានបម្រើការជាអគ្គលេខាធិការខុទ្ទកាល័យជប៉ុន មុនពេលលាលែងពីតំណែង ក្នុងពេលដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានរិះគន់ពាក់ព័ន្ធនឹងការមិនបានបង់ប្រាក់ចូលក្នុងប្រព័ន្ធសោធននិវត្តន៍។
ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី លោកបានប្រឈមនឹងបញ្ហានយោបាយ ដោយសារសភាមានការបែកបាក់ និងគណបក្សប្រឆាំងអាចពន្យារពេលដំណើរការអនុម័តច្បាប់។ ក្រោយចាកចេញពីតំណែង លោកនៅតែបន្តចូលរួមក្នុងកិច្ចការការទូត និងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនជាច្រើនលើក ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ លោក ហ្វូគូដា ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដែលគាំទ្រការដោះស្រាយបញ្ហាតាមរយៈការទូត និងការសន្ទនា។ ក្រោយការទទួលមរណភាពរបស់លោក លោកបានបន្សល់ទុកកូនប្រុសម្នាក់ឈ្មោះ តាតស៊ូអូ ហ្វូគូដា (Tatsuo Fukuda) ដែលបច្ចុប្បន្នក៏ជាសមាជិកសភាជប៉ុន និងត្រូវបានគេមើលឃើញថា អាចមានតួនាទីសំខាន់ក្នុងឆាកនយោបាយជប៉ុននាពេលអនាគត។
ប្រភព៖ Nikkei












