សម្ដេច ហ៊ុន សែន៖ «ពហុកីឡដ្ឋាននេះធំ តែអ្វីដែលធំជាងនេះទៀតគឺទំហំទឹកចិត្តនៃមិត្តចិន ដែលមានចំពោះកម្ពុជា»


ដោយ៖ ផាត់ គឹមឆែ

នាព្រឹកថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២១ នេះ គឺជាការ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីរាជការ សិស្ស និស្សិតជាច្រើននាក់យ៉ាងអធិកអធម។

ស្ថិតក្នុងឱកាសដ៏ពិសេស ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃពហុកីឡដ្ឋាន និងការរាប់ថយក្រោយ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ។ សម្ដេចបានថ្លែងពីការសាទរចំពោះសមិទ្ធផលថ្មីមួយ ដែលសមិទ្ធផលនេះ បានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា-ចិន ក៏ដូចជាការខិតខំរបស់ប្រជាជនកម្ពុជា និងកម្មករចិនទាំងឡាយ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេច នាយករដ្ឋមន្ត្រី​បានថ្លែងអំណរគុណដល់សធារណៈរដ្ឋប្រជាមានិតចិន  ដែលបានផ្ដល់ជាជំនួយឥតសំណងដល់កម្ពុជា ដើម្បីសាងសង់ពហុកីឡដ្ឋានដ៏អស្ចារ្យមួយនេះ មួយវិញទៀតគឺជាការបង្ហាញពីជម្រៅទឹកចិត្តមេដឹកនាំចិន ដែលផ្ដល់ជូនកម្ពុជា ក្នុងការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរទន្ទឹមនឹងការពង្រឹងឯករាជ្យ និងអធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជា ការរក្សាចំណងមិត្តភាពប្រពៃណីរវាងកម្ពុជា-ចិនដ៏យូរអង្វែងនិងជាអមតៈ។ គួរបញ្ជាក់ផងដែរថា វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ១៦.២២​ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋាខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់សម្រាប់ត្រៀមស្វាគមន៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ។

កែសម្រួលដោយ៖ BRANDMEDIA