អ្នកកាសែត ៥នាក់ និងមនុស្ស ៣នាក់ទៀត បាត់ខ្លួនអំឡុងពេលចុះទៅយកព័ត៌មានអំពីការផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី
ហ្សាកាតា៖ ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ី កំពុងបន្តស្វែងរកមនុស្សចំនួន ៨នាក់ ក្នុងនោះមានអ្នកសារព័ត៌មាន ៥នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីធ្វើដំណើរតាមទូកល្បឿនលឿនទៅកាន់តំបន់ក្បែរភ្នំភ្លើង អាណាក់ ក្រាកាតៅ (Anak Krakatau) ដើម្បីចុះទៅយកព័ត៌មាន។


ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ី បានឱ្យដឹងថា ក្រុមនេះបានចេញដំណើរតាមទូកល្បឿនលឿនពីតំបន់មួយក្បែរទីក្រុងហ្សាកាតា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ប៉ុន្តែរហូតមកដល់ថ្ងៃទី៨ ខែកញ្ញា ពួកគេមិនទាន់ត្រឡប់មកវិញ ហើយម្ចាស់ទូកក៏មិនទទួលបានព័ត៌មានពីក្រុមការងារនៅលើទូកនោះដែរ។
អ្នកសារព័ត៌មានទាំង៥នាក់បានធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីថតរូប និងវីដេអូអំពីការផ្ទុះភ្នំភ្លើង ដែលបានចាប់ផ្តើមបង្កផលប៉ះពាល់តាំងពីថ្ងៃសៅរ៍ ដោយផេះភ្នំភ្លើងបានគ្របដណ្តប់តំបន់ទីក្រុងហ្សាកាតា និងទីក្រុងជិតខាង ហើយបានបង្កការរំខានដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានមួយចំនួន។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានដែលបាត់ខ្លួន មកពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ រួមមានទីភ្នាក់ងារព័ត៌មានរដ្ឋ Antara ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់តួកគី Anadolu និងគេហទំព័រក្នុងស្រុក iNews។
តាមទីភ្នាក់ងារជួយសង្គ្រោះ បានឱ្យដឹងថា អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកដែលបាត់ខ្លួន បានទាក់ទងទៅមិត្តរួមការងារ និងផ្ញើទីតាំងរបស់ខ្លួននៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី៧ ខែកញ្ញា ប៉ុន្តែចាប់តាំងពីពេលនោះមក មិនមានការទាក់ទងបន្ថែមទៀតឡើយ។
ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ លោក Al Amrad បានឱ្យដឹងថា ទូកដែលបាត់ខ្លួននោះ មានអ្នកសារព័ត៌មាន៥នាក់ សមាជិកនាវិក២នាក់ និងមគ្គុទ្ទេសក៍ម្នាក់នៅលើទូក។
ជាមួយគ្នានោះ អាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តប្រតិបត្តិការស្វែងរក ខណៈស្ថានភាពអាកាសធាតុ និងសមុទ្រនៅតំបន់នោះនៅតែជាបញ្ហាប្រឈមសម្រាប់ក្រុមសង្គ្រោះ។
ប្រភព៖ CNA











