មន្រ្តីឧទ្យានុរក្សខេត្តកំពង់ស្ពឺ បង្កើនការទប់ស្កាត់ ទន្រ្ទានដី និងសំណង់ខុសច្បាប់ នៅតំបន់គិរីរម្យ


កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះបានចុះត្រួតពិនិត្យនិងធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ចំនួន៤ករណីផ្សេងគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ មន្រ្តីឧទ្យានរក្ស នៃការិយាល័យឧទ្យានជាតិគិរីរម្យ ចំនួន១០នាក់ បានចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ យកដីដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ស្ថិតក្នុងភូមិទី៦ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានដកហូតបាន អេស្កាវ៉ាទ័រ ពណ៌លឿង ចំនួន០១ គ្រឿង ដែលជនល្មើសធ្វើសកម្មភាព គាស់កាយ ឆាយពង្រាបដីធ្វើផ្លូវក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ និងនាំយកមករក្សាទុកនៅស្នាក់ការរង អូរសំចតជាបណ្តោះអាសន្ន និងកំពុងចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ដោយឡែក នៅថ្ងៃដដែល លោក ស៊្រុន ប៊ុនថា មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ បានដឹកនាំកម្លាំង ចំនួន ០២នាក់ ចុះប្រតិបត្តិការបង្ក្រាបការបោះ បង្គោលហ៊ុមពទ្ធ័លើដីដែលជាទ្រព្យ សម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធខុសច្បាប់ នៅចំណុចផ្លូវបំបែកក្បាលឡាន ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទន្ទឹមនោះ មន្ត្រីឧទ្យានុរក្សបានរកឃើញការលួចដាំបង្គោលរបងចំនួន៥១បង្គោល (បង្គោលឈើ៣៥ដើម ថ្ម១៦ដើម) លើផ្ទៃដីប្រមាណ០.៨០ហិកតា។ ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ជូនថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការសំខាន់ៗ ដោយធ្វើការចុះល្បាត អនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពទន្ទ្រាន យកដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកាប់ឈើនិងបរបាញ់សត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ។

ប្រភព៖ Ministry of Environment