កម្ពុជា-ចិន ដាក់ឱ្យដំណើរការ ជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈ «QR Code»


ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី និង នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន លោក Ben Yang បានសម្រេច ដាក់ឱ្យដំណើរការជាផ្លូវការនូវ ការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាលទី១ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

សូមបញ្ជាក់ជូនថា តាមរយៈគម្រោងនេះ ភ្ញៀវទេសចរបរទេស ជាពិសេសទេសចរមកពីប្រទេសចិនដែលប្រើប្រាស់កម្មវិធី Weixin Pay (WeChat Pay) អាចស្កេនទូទាត់លើ KHQR Code នៅកម្ពុជាដោយផ្ទាល់ សម្រាប់ថ្លៃអាហារ ទំនិញ សេវាធ្វើដំណើរ និងកន្លែងកម្សាន្តនានានៅទូទាំងប្រទេស។

ទន្ទឹមនោះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីនោះថា ការដាក់ឱ្យប្រើប្រាស់ Weixin Pay ស្កេន KHQR មិនមែនគ្រាន់តែជាការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្តិចបន្តួចនោះទេ ប៉ុន្តែគឺជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរឹតចំណង សេដ្ឋកិច្ចទ្វេភាគី រវាងកម្ពុជា និងចិន ដែលកើតចេញពីទំនុកចិត្តជាប្រវត្តិសាស្ត្រ កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចក្ខុវិស័យរួមក្នុងការធ្វើទំនើបកម្មពាណិជ្ជកម្មតំបន់ ។ ដោយឡែក ការតភ្ជាប់ប្រព័ន្ធទូទាត់ជាតិកម្ពុជាជាមួយបណ្តាញ Weixin Pay នឹងអនុញ្ញាតឱ្យអាជីវករក្នុងស្រុកអាចទាក់ទាញអតិថិជនចិនដែលមានអ្នកប្រើប្រាស់សកម្មជាង ១ពាន់លាននាក់។

ជាមួយគ្នានោះ លោកស្រី ក៏បានគូសបញ្ជាក់ពីសារៈប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន២ ដែលទទួលបានពី ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែននេះរួមមាន៖ ១/. សម្រាប់ទេសចរបរទេស ទទួលបានបទពិសោធន៍ទូទាត់ដែលធ្លាប់ប្រើ ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយមិនចាំបាច់ស្មុគស្មាញក្នុងការប្តូររូបិយប័ណ្ណ។ ២/. សម្រាប់អាជីវករក្នុងស្រុក ចាប់ពីសណ្ឋាគារធំៗ រហូតដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចប្រើប្រាស់ប្រព័ន្ធ KHQR ដែលមានស្រាប់ ដើម្បីទទួលការទូទាត់ពីអតិថិជនអន្តរជាតិក្នុងតម្លៃទាបបំផុត ដោយមិនចាំបាច់ចំណាយលើឧបករណ៍ ឬប្រតិបត្តិការបន្ថែមឡើយ។

ជាចុងក្រោយ លោកស្រីបានសង្កត់ធ្ងន់ថា ការចាប់ផ្តើមនេះមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយ ដែលមិនត្រឹមតែបន្ថែមការតភ្ជាប់ឌីជីថលដល់ទំនាក់ទំនងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាគំរូនានៃការទូទាត់រាយឆ្លងដែនក្នុងតំបន់អាស៊ានផងដែរ៕

ប្រភព៖ ធនាគារជាតិនៃកម្ពុជា