ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ ដែលប្រើពាក្យសម្ដីជេរប្រមាថ កងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន ដើម្បីបន្តតាមនីតិវិធីច្បាប់
ភ្នំពេញ៖ ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើពាក្យសម្ដី ជេរប្រមាថលើវីរកងទ័ពជួរមុខ និងបានប៉ះពាល់យ៉ាងខ្លាំងដល់ទឹកចិត្តរបស់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារតាមព្រំដែន និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្នុងរយៈពេលថ្មីៗនេះ។

ផ្អែកលើករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០នាទី បានចេញបទបញ្ជាឲ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនស្រ្តីរូបនេះ ដោយស្ថិតក្រោមការស៊ើបអង្កេត និងសាកសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែក សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យម្នាក់នេះ ឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបរលក់ដូរ និងមានទីលំនៅនៅបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរឲ្យដឹងផងដែរថា ចំណាត់ការឃាត់ខ្លួននេះ ធ្វើឡើងជុំវិញករណីស្រ្តីរូបនេះ បានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ និងបំបាក់ទឹកចិត្តរបស់កងទ័ព ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចទីតាំងដែលខ្លួនស្នាក់នៅ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ











