|

សម្ដេច ហ៊ុន សែន «ខ្ញុំនៅតែគាំទ្រគំនិតរបស់ខ្ញុំគឺការយកសេះ ដូរសេះ»


ដោយ៖ ផាត់ គឹមឆែ

កាលពីព្រឹកថ្ងៃចន្ទ ទី៨​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលព្រឹត្តិការណ៍នេះ ត្រូវធ្វើឡើងតាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ មកម៉្លេះ ប៉ុន្តែដោយសារមានការញាំញីពីព្រឹត្តិការណ៍ ២០កុម្ភៈ ទើបធ្វើឱ្យមានដំណើររាំងស្ទះលើកិច្ចការប្រទេសជាតិ និងវិស័យនានាក្នុងប្រទេស។

រហូតមកដល់ពេលនេះ ស្ថានភាពនៃកូវីដ-១៩ ត្រូវថមថយ និងកំពុងត្រលប់មករកសភាពប្រក្រតីឡើងវិញ ដោយមានការប្រកាសឱ្យបើកប្រទេសលើគ្រប់វិស័យ ចាប់ផ្ដើមដំណើរការអ្វីៗឡើងវិញយ៉ាងរលូនបន្តិចម្ដងៗ។ ក្នុងឱកាស​សម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖

«កូវីដ-១៩ អាចបំផ្លាញយើងបាន ប៉ុន្តែកូវីដ-១៩មិនអាចទប់ស្កាត់ដំណើរឈានទៅមុខរបស់យើងបានទេ។ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ យើងបានរៀបចំការសម្ពោធទីស្ដីការក្រសួងចំនួន៣​ រួមមាន៖ ទីមួយគឺទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ការសម្ពោធទីស្ដីការថ្មីនេះ នាំឱ្យយើងមានឱកាសក្នុងការរៀបចំទីស្ដីការចាស់​នៃក្រសួងសាធារណការ និងដឹកជញ្ជូនប្រគល់ឱ្យក្រសួងធនធានរ៉ែ និងថាមពល ហើយរៀបចំទីស្ដីការចាស់នៃក្រសួងធនធានរ៉ែ និងថាមពល ឱ្យទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទី២ គឺសម្ពោធទីស្ដីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាថ្ងៃនេះ ហើយអាចផ្ដល់ឱកាសឱ្យយើងបានរៀបចំទីស្ដីការចាស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទ និងរៀបចំទីស្ដីការចាស់នៃក្រសួងអភិវឌ្ឍន៍ជនបទប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម។ ទី៣ គឺការរៀបចំសម្ពោធទីស្ដីការក្រសួងការពារជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខ។ បើតាមការបញ្ជាក់របស់សម្ដេចគឺ ត្រូវចំណាយថវិកាចំនួន ៦០លានដុល្លារ។ នេះ ជាការមួយដែលបង្ហាញពីដំណើរវិវត្តរបស់ជាតិយើង។

សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំនៅតែគាំទ្រគំនិតរបស់ខ្ញុំគឺ យកសេះ ដូរសេះ» ពោលគឺការកសាងទីស្ដីការថ្មី និងការផ្ដល់ឱកាសឱ្យក្រសួងដូរទីស្នាក់ការដើម្បីប្រើប្រាស់សម្រាប់ថ្ងៃក្រោយ និងស្របតាមទីកន្លែងដើម្បីបម្រើសេវាដល់ប្រជាជន។ ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ តម្រូវការចាំបាច់មិនមែនកន្លែងធ្វើការល្អទេ តែតម្រូវការចាំបាច់គឺ ការវិនិយោគដើម្បីជួយប្រជាជន៕

កែសម្រួលដោយ៖ BRANDMEDIA