ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឈីលី ឆក់យកជីវិតមនុស្ស ១៣ នាក់ និងបាត់ខ្លួន ៧ នាក់
សាន់ទីអាហ្គោ, ឈីលី៖ ភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសឈីលី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរឈីលី កាលពីថ្ងៃទី២១ ខែកក្កដា។



គ្រោះមហន្តរាយនេះបានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បិទផ្លូវជាច្រើនខ្សែ និងបំផ្លាញលំនៅឋានប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកស្រី Alicia Cebrián ប្រធានការិយាល័យគ្រប់គ្រងគ្រោះអាសន្នជាតិ (Senapred) បានព្រមានថា ផ្លូវទឹក អូរ និងច្រាំងទន្លេជាច្រើននៅតែប្រឈមនឹងហានិភ័យ ដោយសារកម្រិតទឹកអាចបន្តកើនឡើង។
ដោយឡែក អាជ្ញាធរបានឱ្យដឹងថា មនុស្ស ២,២៨១នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈផ្ទះ ៨១ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងចំនួន ២,៧៦១ខ្នងបន្ថែមទៀត រងការខូចខាតធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋប្រមាណ ៨៧,០០០នាក់ នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់។
ជាមួយគ្នានេះ ការសិក្សានៅសាលារៀនជាច្រើនក្នុងតំបន់ចំនួន៤ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ទោះបីតំបន់រ៉ែទង់ដែង និងលីចូមសំខាន់ៗស្ថិតនៅភាគខាងជើង ដែលមិនរងផលប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏ប្រតិបត្តិការរ៉ែមួយចំនួនត្រូវបានកាត់បន្ថយជាបណ្តោះអាសន្ន ដោយសារឥទ្ធិពលអាកាសធាតុ។
ប្រភព៖ Reuters















