សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យថៃ គោរពអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយចៀសវាងរាល់សកម្មភាពខុសច្បាប់ឯកតោភាគី


តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF)ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។

ដោយឡែក សេចក្តីសម្រេចចិត្តនេះបានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។

ជាមួយគ្នានោះ សភាប្រើភាសាបារាំង (APF) បានអំពាវនាវឱ្យថៃ មានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល