ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ ហាមឃាត់ការនាំចូលទំនិញដែលប្រើប្រាស់ការងារដោយបង្ខំ និងចាត់វិធានការចំពោះអ្នកល្មើសច្បាប់!


នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសអន្តរក្រសួង ស្តីពីការហាមឃាត់ការនាំចូលទំនិញដែលប្រើប្រាស់ការងារដោយបង្ខំ។ សេចក្ដីប្រកាសនេះ កំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារ ដោយបង្ខំ សំដៅធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់ភាពប្រកួតប្រជែង។

ជាមួយគ្នានោះ ក្រសួងបានសម្រេចនូវប្រការសំខាន់មួយចំនួន។ ក្នុងនោះក្រសួងបានបង្ហាញថា ការងារដោយបង្ខំ សំដៅដល់រាល់ការងារ ឬសេវាកម្មណា ដែលតម្រូវពីជនណាម្នាក់ដោយការគំរាមកំហែង ថានឹងដាក់ទណ្ឌកម្មណាមួយ ហើយដែលជននោះមិនបានស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ដូចមានចែងក្នុង ច្បាប់ស្តីពីការងារ។

ក្នុងនោះ រួមទាំងទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ សំដៅដល់ទំនិញដែលជីក ឬទាញយក ផលិត ឬផលិតទាំងស្រុង ឬផ្នែកណាមួយដោយប្រើប្រាស់ការងារដោយបង្ខំ និង ត្រូវបានហាមឃាត់ចំពោះការនាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ក្នុងព្រះរាជាណាចក្រកម្ពុជានូវទំនិញ ពាក់ព័ន្ធនឹងការងារដោយបង្ខំផងដែរ។

ទន្ទឹមនេះ ក្រសួងបានបញ្ជាក់ថា អ្នកនាំចូលដែលត្រូវបានសង្ស័យថាមានទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ ត្រូវផ្តល់សេចក្តីបំភ្លឺ ជូន ក្រុមការងារអន្តរក្រសួង ក្នុងរយៈពេល១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពី ការត្រួតពិនិត្យទំនិញដែលត្រូវបានសង្ស័យថាមានពាក់ព័ន្ធនឹងការងារដោយបង្ខំ។

ដោយឡែក ក្រសួងបានគូសបញ្ជាក់បន្ថែមថា ក្នុងករណីរកឃើញថាទំនិញនាំចូលមានពាក់ព័ន្ធនឹងការងារដោយបង្ខំ ទំនិញនោះត្រូវបានហាមឃាត់ នាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ក្នុងកម្ពុជា និងរងវិធានការបន្ថែម ដោយផ្អាកការធ្វើសកម្មភាពនាំចេញ នាំចូល, ផ្អាកការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងវិធានការផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ