|

ឯកឧត្តម ហេង សួរ៖ អនុស្សរណៈយោគយល់គ្នារវាង ស.ស.យ.ក. និងក្រសួងការងារ កើតឡើងដោយសារវិសាលភាព និងលទ្ធភាព ស.ស.យ.ក. ដែលសាយភាយទូទាំងប្រទេស


នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ មជ្ឈមមណ្ឌលម៉ានី អគារ The Kampus។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជ្រើសរើសស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ផងដែរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ក្នុងការចូលរួមក្នុងបុព្វហេតុ ជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយស.ស.យ.ក.នេះ កើតឡើងដោយសារការមើលឃើញពីវិសាលភាពនៃរចនាសម្ព័ន្ធរបស់ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយទូទាំងប្រទេស ដែលអាចផ្តល់ជាលទ្ធផលខ្ពស់ក្នុងការជំរុញ ក្នុងការផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឱ្យកាន់តែមានសក្តានុពល។ ឯកឧត្តមបានបន្ថែមថា អនុស្សរណៈនេះ នឹងសម្របសម្រួលដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនទូទៅ ក្នុងការចុះឈ្មោះស្វែងរកការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថា ស.ស.យ.ក. គឺជាអង្គការយុវជនមួយ ដែលបាន និងកំពុងបន្តបេសសកម្មពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ បច្ចុប្បន្ននេះ ស.ស.យ.ក. មានរចនាសម្ព័ន្ធទូលំទូលាយទូទាំងប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យទីស្នាក់ការ ស.ស.យ.ក. នៅតាមបណ្តារាធានីខេត្ត ក្លាយជាប៉ូលការងារសម្រាប់យុវជនមកស្វែងរកព័ត៌មានដើម្បីទទួលបានឱកាស និងជំនាញពិតប្រាកដ។