ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ចាប់ផ្តើម
ថ្ងៃនេះ បេក្ខជនទាំង ៤៦រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ ដោយជោគជ័យ ត្រូវបានបន្តចូលរួមប្រឡងប្រជែងគ្នាលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹក។
ក្នុងដំណើរការប្រឡងប្រជែងនេះ តម្រូវឱ្យបេក្ខជន ១រូប ចូលទៅតតាំងមតិក្រោមការចោទសួរពីសាស្ត្រាចារ្យ ៣រូប ដើម្បីធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្ទេសរបស់បេក្ខជនពាក់ព័ន្ធទៅនឹងជំនាញបច្ចេកទេស ក្នុងពេលតែមួយ ដោយប្រើថេរៈវេលា ១៥នាទី ទៅ ៣០នាទី។


























ការប្រឡងប្រជែងនេះ មានការចូលរួមតាមដាន ដោយតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍សាធារណជននិងក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃផងដែរ។
សូមជម្រាបថា មុនចាប់ផ្តើមដំណើរការប្រឡងប្រជែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងណែនាំដល់អនុគណៈកម្មការមេប្រយោគ ពីយន្តការ និងនីតិវិធី ដែលកំណត់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។












