កិច្ចចរចាថ្មី៖ លោក Zelensky ផ្ញើលិខិតចំហទៅពូទីន ស្នើជួបពិភាក្សាទល់មុខគ្នា ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានផ្ញើលិខិតចំហមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយស្នើឱ្យមានជំនួបពិភាក្សាទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំ។

នៅក្នុងលិខិតនោះ លោកហ្សេលេនស្គីបានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញក្នុងអំឡុងពេលចរចា និងបានលើកឡើងថា សន្តិភាពអាចសម្រេចបានតាមរយៈការចូលរួមពិភាក្សាដោយផ្ទាល់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ថា មិនគួររង់ចាំឱ្យសហរដ្ឋអាមេរិកវិលមកផ្តោតការយកចិត្តទុកដាក់លើសង្គ្រាមនៅអឺរ៉ុបវិញនោះទេ។

ជាការឆ្លើយតប វិមានក្រឹមឡាំងបានបញ្ជាក់ថា បានទទួលលិខិតរួចហើយ ហើយលោកពូទីននឹងត្រូវបានជូនដំណឹងអំពីខ្លឹមសារនៃសំណើនេះ។ ទោះជាយ៉ាងណា លោកពូទីនបានបង្ហាញការសង្ស័យចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀង និងបន្តទាមទារឱ្យអ៊ុយក្រែនដកខ្លួនចេញពីតំបន់មួយចំនួនដែលរុស្ស៊ីកំពុងកាន់កាប់។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក Donald Trump បានគាំទ្រគំនិតនៃជំនួបរវាងមេដឹកនាំទាំងពីរ ដោយថ្លែងថា «វានឹងជារឿងល្អប្រសិនបើពួកគេជួបគ្នា ហើយបញ្ចប់បញ្ហានេះ»។

គួរបញ្ជាក់ផងដែរថាកន្លងមក កិច្ចចរចាសន្តិភាពជាច្រើនជុំដែលបានធ្វើឡើងនៅ Geneva, Abu Dhabi និង Istanbul មិនទាន់អាចនាំទៅរកការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាននៅឡើយទេ។

ប្រភព៖ BBC