សហរដ្ឋអាមេរិកបញ្ចេញប្រេងឆៅ ៥៣,៣ លានបារ៉ែល ពីទុនបម្រុង ដើម្បីទប់ស្កាត់វិបត្តិថាមពល និងបន្ធូរតម្លៃប្រេងសកល
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ចេញប្រេងឆៅចំនួន ៥៣,៣ លានបារ៉ែល ពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (Strategic Petroleum Reserve – SPR) ទៅឱ្យក្រុមហ៊ុនថាមពលនានា ក្នុងគោលបំណងជួយបន្ធូរបន្ថយភាពតានតឹងនៅលើទីផ្សារប្រេងសកល។

ក្រុមហ៊ុនថាមពលចំនួន៩ បានទទួលប្រេងពី SPR ក្នុងនោះមាន Exxon Mobil, Trafigura និង Marathon Petroleum។ ចំនួនប្រេងដែលបានបញ្ចេញនេះ ស្មើប្រមាណ ៥៨ ភាគរយនៃប្រេងសរុប ៩២,៥ លានបារ៉ែល ដែលក្រសួងថាមពលសហរដ្ឋអាមេរិកបានបញ្ចេញកាលពីខែមុន។
ក្រសួងថាមពលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ក្នុងរដូវនិទាឃរដូវឆ្នាំនេះ ខ្លួនបញ្ចេញប្រេងប្រមាណ ៨០ លានបារ៉ែលរួចមកហើយ ខណៈគោលដៅសរុបនៃការបញ្ចេញប្រេងមានរហូតដល់ ១៧២ លានបារ៉ែល។
កាលពីខែមីនា សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកជាង ៣០ របស់ International Energy Agency (IEA) បានព្រមព្រៀងគ្នាបញ្ចេញប្រេងបម្រុងប្រមាណ ៤០០ លានបារ៉ែល ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ។
នាយកប្រតិបត្តិ IEA លោក Fatih Birol បានថ្លែងថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កឱ្យមានវិបត្តិថាមពលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ លោកបានបញ្ជាក់ថា ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅតែបន្ត IEA ត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញប្រេងបន្ថែមពីទុនបម្រុងយុទ្ធសាស្ត្របន្ថែម។ រហូតមកដល់ពេលនេះ ប្រទេសជាសមាជិក IEA បានបញ្ចេញប្រេងប្រមាណ ២០ ភាគរយនៃទុនបម្រុងដែលអាចប្រើប្រាស់បាន។
ដោយឡែក ក្រសួងថាមពលបានឱ្យដឹងថា ក្រុមហ៊ុនដែលខ្ចីប្រេងពី SPR នឹងត្រូវសងត្រឡប់វិញជាប្រេងឆៅ ជាមួយអត្រាបុព្វលាភរហូតដល់ ២៤ ភាគរយ។ រដ្ឋាភិបាលអះអាងថា វិធានការនេះអាចជួយរក្សាស្ថិរភាពទីផ្សារប្រេងដោយមិនបង្កបន្ទុកបន្ថែមដល់អ្នកបង់ពន្ធអាមេរិក។
យ៉ាងណាមិញ បច្ចុប្បន្ន ទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានរក្សាទុកនៅតាមរូងភ្នំក្នុងរដ្ឋតិចសាស់ និងរដ្ឋ Louisiana មានប្រេងសរុបប្រមាណ ៣៨៤ លានបារ៉ែល ប៉ុន្តែចំនួននេះតិចជាងបរិមាណប្រេងដែលពិភពលោកប្រើប្រាស់ក្នុងរយៈពេលបួនថ្ងៃ។
ប្រភព៖ Reuters











