|

លោក ហ៊ុន ម៉ានី៖ «ទោះបីស្ថិតក្នុងការលំបាក តែជីវភាពបងប្អូនត្រូវបានដាក់ជាអាទិភាព»


ដោយ៖ ផាត់ គឹមឆែ

សុខសន្ដិភាពក្នុងសង្គមមួយ បានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ រួមទាំងប្រជាជនគ្រប់រូប ជាពិសេសគឺកងកម្លាំងនគរបាលជាតិដែលជាអ្នកមាននាទីសំខាន់ក្នុងការការពារសុខ សណ្ដាប់ធ្នាប់ ជូនជាតិទាំងមូល។ ពិសេសក្នុងកំលុងពេលដែលប្រទេសកំពុងជួបការលំបាក បងប្អូនប្រជាការពារកាន់តែមមាញឹក ក្នុងការធ្វើការបម្រើជាតិទាំងកម្លាំងកាយចិត្ត លះបង់ពេលវេលា យកចិត្តទុកដាក់លើបញ្ហាសុខទុក្ខប្រជាជនជាធំ។

ដោយស្មារតីទទួលខុសត្រូវ លោក ហ៊ុន ម៉ានី បាននាំយកអំណោយមួយចំនួន បង្ហាញពីការថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលនៃអគ្គស្នងការរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ កាលពីព្រឹកថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ នេះដោយបានរៀបរាប់នៅលើគណនីហ្វេសប៊ុក​របស់លោកយ៉ាងដូច្នេះថា៖

«ផុសចេញពីទឹកចិត្តខ្ញុំ និងថ្នាក់ដឹកនាំដែលមកពីស្ថាប័ននានា រួមទាំងក្រុមការងារ សូមផ្ញើនូវសេចក្តីនឹករឭក និងថ្លែងអំណរគុណជូនចំពោះ អ៊ំ ពូមីង បង ជាកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ តាមរយៈអំណោយជាស្បៀងអាហារ អាវភ្លៀង និងថ្នាំពេទ្យមួយចំនួននៅពេលនេះ។ កងកម្លាំងនគរបាលជាតិបានបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការថែររក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ សកម្មភាពទាំងនេះ ពិតជាមានតម្លៃណាស់សម្រាប់ភាពសុខសាន្តរបស់យើងទាំងអស់គ្នា។ កងកម្លាំង នគរបាលជាតិរបស់យើង មិនថាក្នុងដំណាក់កាលមុនកូវីដ១៩ ក្នុងពេលកូវីដ ១៩ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។

ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ។ ក្នុងនោះ ការទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់អ៊ំ ពូមីង បងប្អូន និងក្រុមគ្រួសារបានបង្ហាញពីការគិតគូរយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ទោះបីជាស្ថិតក្នុងការលំបាក ក៏ដូចជាជីវភាពរបស់បងប្អូនត្រូវបានដាក់ជាអាទិភាព ពោលគឺប្រាក់បៀវត្ស និងប្រាក់បំណាច់នានារបស់កងកម្លាំងទាំងអស់ត្រូវបានរក្សាស្ថានភាពដដែល។ ការដើរឆ្លងនូវវិបត្តិនេះ ដោយខ្មែរខ្លួនឯង ឆ្លុះបញ្ចាំងថា យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ទោះតូច ឬធំ ឲ្យតែយើងទាំងអស់គ្នា រួមចិត្ត រួមគំនិត និងមាននូវបេះដូងខ្មែរតែមួយដូចគ្នា។

អំណោយដ៏តិចតួចរបស់ខ្ញុំ និងក្រុមការងារនៅពេលនេះ គ្រាន់តែអាចជួយសម្រួលជីវភាពអ៊ំ ពូមីង បងប្អូន បានមួយកម្រិតតែប៉ុណ្ណោះ តែវាពិតជាបានបង្ហាញថា គ្រប់ពេលវេលា យើងទាំងអស់គ្នាតែងតែគិតដល់និងអរគុណចំពោះកិច្ចប្រឹងប្រែងទាំងនេះ»៕

កែសម្រួលដោយ៖ BRANDMEDIA