| |

បារាំងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ទៅកាន់សមុទ្រក្រហម ដើម្បីពន្លឿនការបើកច្រកសមុទ្រ Hormuz!


ប្រទេសបារាំង កាលពីថ្ងៃពុធនេះ បានផ្លាស់ទីនាវាផ្ទុកយន្តហោះ Charles de Gaulle ពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហម ក្នុងគោលបំណងបង្ហាញដល់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា បារាំងមានឆន្ទៈចូលរួមដោះស្រាយវិបត្តិនៅច្រកសមុទ្រ Hormuz។

ការផ្លាស់ទីកម្លាំងយោធានេះ ត្រូវបានគេចាត់ទុកថា ជាការបង្ហាញពីបំណងរបស់បារាំងក្នុងការពន្លឿនការដាក់ពង្រាយសម្ព័ន្ធភាពអន្តរជាតិ ដែលមានប្រទេសជាង ៤០ ចូលរួម ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ បន្ទាប់ពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រឡើងវិញដោយកម្លាំង មិនទទួលបានលទ្ធផលជោគជ័យ។

ទីប្រឹក្សារបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា ខណៈដែលកិច្ចពិភាក្សាថ្មីមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងដំណើរការ និងការបិទច្រកសមុទ្រដោយអ៊ីរ៉ង់កំពុងប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោក មានសម្ពាធកាន់តែខ្លាំងក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញ។

លោក Macron ត្រូវបានណែនាំដល់លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ថា ប្រសិនសហរដ្ឋអាមេរិកដកវិធានការបិទច្រកអ៊ីរ៉ង់ លុះត្រាអ៊ីរ៉ង់យល់ព្រមចូលរួមក្នុងការចរចាដែលមានអត្ថន័យពេញលេញជាមួយអាមេរិក រួមទាំងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏ត្រូវប្តេជ្ញាបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានេះ ការផ្តួចផ្តើមរបស់បារាំង ត្រូវបានគេដឹងថា ជាការបន្តពីគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ឱ្យដំណើរការនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៧ ខែមេសា ដោយមានការចូលរួមពីមេដឹកនាំបារាំង អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី សម្រាប់បង្កើតប្រតិបត្តិការកងទ័ពជើងទឹកការពារ។ ទោះយ៉ាងណា វាត្រូវបានពន្លឿនបន្ថែម បន្ទាប់ពីប្រតិបត្តិការ Project Freedom របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាកភ្លាមៗ។

ការផ្អាកនេះកើតឡើងស្របពេលដែលនាវា CMA CGM មួយគ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz បណ្តាលឱ្យសមាជិកនាវិកជាច្រើនរងរបួស។ ប្រភពអាមេរិក ដែលដកស្រង់ដោយសារព័ត៌មាន CBS News បានអះអាងថា “ការវាយប្រហារនោះអាចជាមីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ”។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានជំរុញសេចក្តីសម្រេចមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសហការជាមួយបារ៉ែន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត និងកាតាផងដែរ។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីសម្រេចនេះអាចនាំឱ្យមានការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងអនុញ្ញាតឱ្យប្រើកម្លាំង ប្រសិនបើទីក្រុងតេអេរ៉ង់បន្តគំរាមកំហែងដល់នាវាចរណ៍ពាណិជ្ជកម្ម។

ដោយឡែកលោក Macron ក៏បានចេញមុខមកបញ្ជាក់ថា បារាំងមិនមានបំណងចូលរួមក្នុង “ប្រតិបត្តិការដ៏ខ្លាំងក្លា” ណាមួយឡើយ

ប្រភព៖ The National News