|

ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលគណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែងនាថ្ងៃនេះ


ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រី ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងកិច្ចការនារី ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ ដោយឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។ ជាក់ស្តែងក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងកិច្ចការនារី នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងកិច្ចការនារី។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងកិច្ចការនារី ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ពោលគឺថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៦ នៅអគារនៃទីស្តីការក្រសួងកិច្ចការនារី ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿន។ ដំណើរការនៃការចុះជំរឿននេះ ថ្នាក់ដឹកនាំ និងមន្ត្រីត្រូវតែមានវត្តមានដោយផ្ទាល់ ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (ករណីមិនមានអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ)។

សូមជម្រាបថា ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ៕