លោក ហ៊ុន ម៉ានី៖ “សម្រាប់ខ្ញុំ ថ្ងៃនេះជាដូសទី៣ Sinovac”?
ដោយ៖ ផាត់ គឹមឆែ
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឹឆ្លង និងការការពារអាយុជីវិតក្នុងបរិបទជំងឺកូវីដ-១៩ នេះ វ៉ាក់សាំង គឺជាមធ្យោបាយដ៏សមស្របបំផុតនាដំណាក់កាលនេះ ដែលសម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍ជាបន្តបន្ទាប់។ គិតមកត្រឹមពេលនេះ ប្រជាជនកម្ពុជាជាង៩លាននាក់ហើយ ដែលទទួលបានវ៉ាក់សាំងការពារជំងឺ ដែលក្នុងនោះមានទាំងប្រជាពលរដ្ឋទូទៅ ថ្នាក់ដឹកនាំ ព្រះសង្ឃ ដូនជី តាជី និងមន្ត្រីរាជការគ្រប់ស្ថាប័ន ទាំងនៅតាមរាជធានីនិងបណ្ដាខេត្តនានា។ យុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា បាននឹងកំពុងដើរឈានមុនគេក្នុងសកលលោក និងបានការកោតសរសើរជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធ។
តាមរយៈយន្តការនៃការបញ្ជាទិញដោយផ្ទាល់ និងតាមរយៈយន្តការជំនួយ Covax គិតមកត្រឹមពេលនេះ កម្ពុជាមាននូវវ៉ាក់សាំងចម្រុះ ដែលនៅក្នុងនោះរួមមានវ៉ាក់សាំងដែលផលិតនៅប្រទេសចិន ប្រភេទ Sinopharm និង Sinovac វ៉ាកសាំងប្រភេទ AstraZeneca (Covidshield) ផលិតនៅប្រទេសឥណ្ឌា វ៉ាក់សាំង AstraZeneca (Oxford) ផលិតនៅប្រទេសអង់គ្លេស វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន និងវ៉ាក់សាំង Jonhson & Jonhson ផលិតនៅសហរដ្ឋអាម៉េរិក។
ខណៈដែលកម្ពុជាមាននូវភាពសម្បូរបែបនៃវ៉ាក់សាំង ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋខ្លួន ក៏មានពាក្យចចាមអារ៉ាម និងមតិអវិជ្ជមានមួយចំនួនបានធ្វើការវែកញែកពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ។ អ្នកខ្លះបានយកប្រភេទវ៉ាក់សាំងមកធ្វើការប្រៀបធៀប អ្នកខ្លះទៀតធ្វើការវាយតម្លៃពីប្រសិទ្ធភាពវ៉ាក់សាំងតាមឈ្មោះប្រទេស ហើយអ្នកខ្លះទៀត ក៏ព្យាយាមផ្សារភ្ជាប់នយោបាយទៅក្នុងការវែកញែកពីប្រសិទ្ធភាពវ៉ាក់សាំងផងដែរ។
ទំនងជាមានចេទនាឆ្លើយតបទៅនឹងការវិភាគខាងលើលោក ហ៊ុន ម៉ានី បានចេញសារខ្លីមួយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីលោកបានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលក្នុងនោះលោកបានលើកឡើងថា “មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាកសាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឲ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លានអ្នក ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។ សូមបន្តចូលរួមទទួលការចាក់វ៉ាកសាំងទាំងអស់គ្នា សម្រាប់សុវត្ថិភាពយើង គ្រួសារនិងយើងទាំងអស់។ សម្រាប់ខ្ញុំ ថ្ងៃនេះជាដូសទី៣ Sinovac”។
សារខាងលើនេះ បាននាំឲ្យមជ្ឈដ្ឋានមួយចំនួនយល់ឃើញថា ជាចេតនាមួយដែលលោក ហ៊ុន ម៉ានី ចង់ឆ្លើយតបទៅនឹងមតិ និងការវិភាគនានា ដែលលើកឡើងពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលផលិតក្នុងប្រទេសចិន ដោយខ្លួនលោកផ្ទាល់បានសម្រេចជ្រើសរើសសម្រាប់ការចាក់ទាំងដូសទី១ ទី២ និងទី៣ ដោយមានទំនុកចិត្តខ្ពស់។ បើតាមសារនោះ អ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជានៅពេលនេះ គឺការធានាឲ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច សំដៅនាំកម្ពុជាឈានមួយជំហានទៅរកចុងបញ្ចប់នៃវិបត្តិមួយនេះ។ បើទោះជាទម្លាប់នៃការវែកញែកពីបញ្ហាសង្គម ជានិន្នាការល្អសម្រាប់សង្គមមួយ ការវែកញែកមួយចំនួន ជាពិសេសនៅក្នុងកាលៈទេសៈមិនត្រឹមត្រូវ មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវភាពមន្ទិលដែលមិនចាំបាច់ និងនាំឲ្យមាននូវបញ្ហាដល់សង្គមវិញក៏សឹងមាន។
សូមបញ្ជាក់ថា វ៉ាក់សាំងទាំងអស់ដែលកម្ពុជាបាននឹងកំពុងប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋខ្លួន ជាប្រទេសវ៉ាក់សាំងដែលមានការសិក្សាតាមបែបវិទ្យាសាស្រ្តយ៉ាងច្បាស់លាស់ពីប្រសិទ្ធភាព និងផលប៉ះពាល់ និងត្រូវបានទទួលស្គាល់និងអនុញ្ញាតឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកផងដែរ។
កែសម្រួលដោយ៖ BRANDMEDIA