|

ឯកឧត្តម Wang Wenbin អបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទឹកដំបូងបង្អស់នៅកម្ពុជា!


នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារ អបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបើកដំណើរការសាងសង់ គម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។

ជាមួយគ្នានេះ ឯកឧត្តមបន្តថា បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺ “ការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ ២០៣០”។

បន្ថែមលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១០ មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥.៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតនៅកម្ពុជាឡើងដល់ ៦៣.២៣% ដែលជាចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

ជាងនេះទៅទៀត ឯកឧត្តមបានបន្តប្ដេជ្ញាចិត្ត បំពេញឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា។

ប្រភព៖ ឯកឧត្តម Wang Wenbin