| |

លោក ដូណាល់ ត្រាំ មិនខ្វល់សំណើរបញ្ចប់សង្គ្រាមអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ដោយព្រមានឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ និងអាចប្រើវិធានការក្ដៅ បើអ៊ីរ៉ង់មិនយល់ព្រម!


ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានព្រមានថា សំណើរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាម មិនគ្រប់គ្រាន់ដើម្បីជៀសវាងវិធានការយោធារបស់សហរដ្ឋអាមេរិកនោះទេ លុះត្រាតែអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Strait of Hormuz ឡើងវិញ។

ថ្លែងនៅសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា ថ្ងៃអង្គារ គឺជាថ្ងៃផុតកំណត់ “ចុងក្រោយ” សម្រាប់អ៊ីរ៉ង់ក្នុងការយល់ព្រមលើលក្ខខណ្ឌដែលបានដាក់ចេញ។ លោកបាននិយាយថា ទោះបីសំណើរបស់អ៊ីរ៉ង់ជាជំហានវិជ្ជមានក៏ដោយ ក៏វានៅតែមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់សកម្មភាពរបស់សហរដ្ឋអាមេរិកឡើយ។

លោកបានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់ មិនអនុញ្ញាតឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដំណើរការដោយសេរីវិញទេ សហរដ្ឋអាមេរិកអាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានរោងចក្រថាមពល និងស្ពាន។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកយុទ្ធសាស្ត្រសំខាន់មួយ ដែលប្រហែល ២០ភាគរយ នៃការផ្គត់ផ្គង់ប្រេងពិភពលោកឆ្លងកាត់ ហើយមានសារៈសំខាន់ខ្ពស់ចំពោះសេដ្ឋកិច្ចពិភពលោក។

មុននេះ ប្រទេសប៉ាគីស្ថានបានដាក់សំណើឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះនេះ ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហាររួមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយបណ្តាលឲ្យមានការឆ្លើយតបដោយការបាញ់មីស៊ីលនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធសំណើបទឈប់បាញ់នេះ ហើយបានដាក់ជំនួសជាការអំពាវនាវឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ សំណើរបស់អ៊ីរ៉ង់រួមមានចំណុចសំខាន់ៗដូចជា ការបញ្ចប់ជម្លោះក្នុងតំបន់ ការធានាសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រ Hormuz ការលើកទណ្ឌកម្ម និងការស្តារសេដ្ឋកិច្ចឡើងវិញ។

មន្ត្រីការទូតអ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសខ្លួនមិនទទួលយកត្រឹមតែបទឈប់បាញ់បណ្តោះអាសន្នទេ ប៉ុន្តែទាមទារការធានាថា នឹងមិនមានការវាយប្រហារឡើងវិញនៅពេលអនាគត។

សេតវិមានបានឲ្យដឹងថា សំណើបទឈប់បាញ់ កំពុងស្ថិតក្រោមការពិចារណា ប៉ុន្តែមិនទាន់មានការអនុម័តជាផ្លូវការនៅឡើយ ខណៈប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅតែបន្ត។

លោក ត្រាំ ក៏បានបញ្ជាក់ថា លោកមិនមានគម្រោងពន្យារពេលថ្ងៃផុតកំណត់នោះទេ ហើយបានព្រមានថា អ៊ីរ៉ង់អាចប្រឈមមុខនឹងការវាយប្រហារដ៏ធ្ងន់ធ្ងរ ប្រសិនបើមិនយល់ព្រមលើកិច្ចព្រមព្រៀង។

យ៉ាងណាមិញ នៅលើវិស័យសេដ្ឋកិច្ច ស្ថានការណ៍តានតឹងនេះបានបណ្តាលឲ្យតម្លៃប្រេងពិភពលោកកើនឡើង និងបង្កការរអាក់រអួលដល់ទីផ្សារអន្តរជាតិ ខណៈអ៊ីស្រាអែលបានវាយប្រហារលើរោងចក្រថាមពលសំខាន់មួយនៅតំបន់ South Pars របស់អ៊ីរ៉ង់ ដែលជាគន្លងសំខាន់សម្រាប់ផលិតកម្មឧស្ម័នធម្មជាតិ។

ដោយឡែក ចំពោះវិបត្តិនេះ នៅតែបន្តបង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់យូរអង្វែងលើសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។

ប្រភព៖ Aljazeera