| |

អ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ Hormuz ខណៈអ៊ីស្រាអែលត្រៀមវាយបកកម្ចាត់មេដឹកនាំថ្មី


ស្ថានភាពនយោបាយនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចក្ដៅគគុកជាថ្មី បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានប្រកាសសងសឹក និងបន្តសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយគំរាមបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក។

នៅក្នុងសុន្ទរកថាដំបូងបំផុត ចាប់តាំងពីលោកឡើងកាន់តំណែងបន្តពីឪពុកដែលត្រូវបានគេធ្វើឃាត លោក Mojtaba Khamenei បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនថយក្រោយឡើយ។ លោកបានអំពាវនាវឱ្យបណ្តាប្រទេសជិតខាងក្នុងតំបន់ បណ្តេញមូលដ្ឋានទ័ពអាមេរិកចេញពីទឹកដីរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នោះទេ ប្រទេសទាំងនោះនឹងត្រូវប្រឈមមុខនឹងការវាយប្រហារពីសំណាក់កងទ័ពអ៊ីរ៉ង់ដូចគ្នា។

ទោះជាយ៉ាងណា លោក Khamenei មិនបានបង្ហាញខ្លួនផ្ទាល់ជាសាធារណៈនោះទេ ដោយសារមានសេចក្តីរាយការណ៍ថា លោកបានរងរបួសក្នុងពលវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ។ សាររបស់លោកត្រូវបានអានដោយពិធីករទូរទស្សន៍ជាតិអ៊ីរ៉ង់ជំនួសវិញ។

ភ្លាមៗបន្ទាប់ពីការគំរាមកំហែងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍វាយបកវិញយ៉ាងធ្ងន់ៗ។ លោកបានបញ្ជាក់ថា អ៊ីស្រាអែលនឹងមិនមានគោលនយោបាយលើកលែងទោស ឬធានារ៉ាប់រងអាយុជីវិតដល់មេដឹកនាំអង្គការភេរវកម្មណាមួយឡើយ។

លោក Netanyahu បានមានប្រសាសន៍ថា៖ «យើងមិនមានបំណងផ្តល់ព័ត៌មានជាក់លាក់នៅទីនេះ អំពីអ្វីដែលយើងកំពុងរៀបចំផែនការនោះទេ ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកម្ចាត់ការគំរាមកំហែង និងការពារសុវត្ថិភាពពលរដ្ឋរបស់យើង»។

គួរបញ្ជាក់ថា ការព្រមានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ បានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានការរង្គោះរង្គើ ហើយបច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពយោធារបស់ប្រទេសទាំងពីរ ខណៈដែលក្តីសង្ឃឹមនៃការបញ្ចប់ជម្លោះហាក់បីដូចជាកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
ប្រភព៖ Reuters