| |

អាមេរិកវាយប្រហារនាវាដាក់មីនអ៊ីរ៉ង់ និងព្រមានធ្ងន់លើអ៊ីរ៉ង់ ជុំវិញច្រកសមុទ្រ Hormuz


សហរដ្ឋអាមេរិកបានធ្វើសកម្មភាពយោធាប្រឆាំងនឹងនាវាដាក់មីន និងទីតាំងផ្ទុកមីនរបស់អ៊ីរ៉ង់ បន្ទាប់ពីមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់មីននៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនៅលើពិភពលោក។

Donald Trump បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយព្រមានថា ប្រសិនបើអ៊ីរ៉ង់បានដាក់មីននៅក្នុង Strait of Hormuz ពិតប្រាកដ សហរដ្ឋអាមេរិកនឹងទាមទារឱ្យដកចេញភ្លាមៗ។ លោកបានសរសេរថា៖
“ប្រសិនបើអ៊ីរ៉ង់បានដាក់មីនណាមួយនៅក្នុងច្រកសមុទ្រ Hormuz ហើយយើងមិនដឹងទេនោះ យើងនឹងឱ្យពួកគេដកវាចេញភ្លាមៗ”។

លោក Trump បានបន្ថែមថា ប្រសិនបើទីក្រុង Tehran មិនអនុវត្តតាមការទាមទារនេះទេ វាអាចប្រឈមមុខនឹងវិធានការយោធាម្ដងទៀត ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីសកម្មភាពដែលអាចកើតឡើងឡើយ។ លោកក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់បច្ចេកវិទ្យាដែលធ្លាប់ប្រើក្នុងប្រតិបត្តិការប្រឆាំងអ្នកជួញដូរគ្រឿងញៀន ដើម្បី “លុបបំបាត់ជាអចិន្ត្រៃយ៍” នាវា ឬទូកណាមួយដែលព្យាយាមដាក់មីននៅក្នុងច្រកសមុទ្រ Hormuz។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការវាយប្រហារលើនាវាជាច្រើននៅតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើត ដែលខ្លួនបានថា កំពុងដឹកជញ្ជូនគ្រឿងញៀន ហើយប្រតិបត្តិការទាំងនោះទើបបណ្ដាលឱ្យមានអ្នកស្លាប់រាប់សិបនាក់។ ខណៈនេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ៗកងទ័ពអាមេរិកកំពុងវាយប្រហារលើនាវាដាក់មីន និងទីតាំងផ្ទុកមីនរបស់អ៊ីរ៉ង់”។

គួរបញ្ជាក់ថា ស្ថានការណ៍តានតឹងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបដិសេធសំណើជាច្រើនពីឧស្សាហកម្មដឹកជញ្ជូន ដែលស្នើសុំឱ្យមានការអមដំណើរយោធាឆ្លងកាត់ច្រកសមុទ្រ។ នេះបើយោងតាមប្រភពសារព័ត៌មាន Reuters។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពលអាមេរិកលោក Chris Wright បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារ ដោយអះអាងថា កងទ័ពជើងទឹកអាមេរិកបានអមដំណើរនាវាដឹកប្រេងមួយឆ្លងកាត់ច្រកសមុទ្រ Hormuzដោយជោគជ័យ។ ប៉ុន្តែក្រោយមក ការបង្ហោះនោះត្រូវបានលុបចេញវិញ។

អ្នកនាំពាក្យសេតវិមាន Karoline Leavitt បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមិនទាន់បានអមដំណើរនាវាដឹកប្រេង ឬនាវាណាមួយឆ្លងកាត់ច្រកសមុទ្រ Hormuzនៅឡើយទេ។

អ្នកនាំពាក្យក្រសួងថាមពលម្នាក់ទៀត ក៏បានបញ្ជាក់ថា វីដេអូឃ្លីបដែលបានបង្ហោះនៅលើគណនី X ផ្លូវការរបស់រដ្ឋមន្ត្រី Wright ត្រូវបានលុបចេញ បន្ទាប់ពីបុគ្គលិកក្រសួងបានរកឃើញថា ចំណងជើងដែលភ្ជាប់ជាមួយវីដេអូនោះមិនត្រឹមត្រូវ។

ប្រភព៖ Reuters