ប្រទេសចិន សម្រេចដកឧត្តមសេនីយ៍យោធាចូលនិវត្តន៍ ៣រូប ចេញពីស្ថាប័នប្រឹក្សាយោបល់នយោបាយកំពូល មុនសម័យប្រជុំប្រចាំឆ្នាំនៅសប្តាហ៍នេះ!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា សន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន (CPPCC) បានបោះឆ្នោតដកសមាជិកបីរូប រួមមាន លោក Han Weiguo លោក Gao Jin និងលោក Liu Lei ចេញពីសមាជិកភាពរបស់ខ្លួន។ អាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងនោះទេ។

ការសម្រេចនេះ កើតឡើងបន្ទាប់ពីមានការបោសសម្អាតមន្ត្រីយោធាជាន់ខ្ពស់ជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២ មេដឹកនាំចិន លោក Xi Jinping បានដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយជាប្រចាំ។ ទោះជាយ៉ាងណា អ្នករិះគន់មួយចំនួនបានលើកឡើងថា យុទ្ធនាការនេះត្រូវបានប្រើជាឧបករណ៍ដើម្បីដកគូប្រជែងនយោបាយចេញផងដែរ។
ប្រតិភូប្រមាណ ៣,០០០ នាក់ មកពី CPPCC និង សភាប្រជាជនជាតិចិន (NPC) នឹងជួបជុំគ្នានៅទីក្រុងប៉េកាំង សម្រាប់សម័យប្រជុំប្រចាំឆ្នាំលើកទីពីរ។ CPPCC គឺជាស្ថាប័នប្រឹក្សាយោបល់ដែលមិនមានអំណាចនីតិបញ្ញត្តិ ខណៈ NPC ជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ប្រទេស។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះនឹងដំណើរការរយៈពេលប្រហែលមួយសប្តាហ៍។
ក្រៅពីឧត្តមសេនីយ៍ទាំងបីរូប សមាជិក CPPCC ជាច្រើនរូបទៀតក៏ត្រូវបានបណ្តេញចេញផងដែរ រួមមានលោក Zhang Kejian មន្ត្រីជាន់ខ្ពស់ក្នុងវិស័យឧស្សាហកម្មការពារជាតិ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ។
ការបណ្តេញចេញនេះកើតឡើងបន្ទាប់ពីមានការប្រកាសបណ្តេញមន្ត្រីចំនួន ១៩នាក់ កាលពីសប្តាហ៍មុន ក្នុងនោះមាន ៩ នាក់មកពីវិស័យយោធា។ មុននេះផងដែរ អាជ្ញាធរចិនបានប្រកាសថា ឧត្តមសេនីយ៍ជាន់ខ្ពស់ពីររូប កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទ “រំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ” ដែលបន្តបង្ហាញពីការរឹតបន្តឹងវិន័យក្នុងជួរកងទ័ព។
ប្រភព៖ BBC















