ជិតដល់បាក់ឌុបហើយ! បានកំណត់គោលដៅសិក្សាបន្តបែបណាដែរ?


អត្ថបទដោយ៖ ង៉ុយ សារិកា

យោងទៅតាមទិន្នន័យដែលបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការកំណត់គោលដៅរបស់

Harvard Business school Study (ឆ្នាំ១៩៧៩) ក្រោយពីនិស្សិតដែលបានបញ្ចប់ការសិក្សា ៨៤% ជាចំនួននិស្សិតដែលសិក្សានៅទីនោះតែគ្មានគោលដៅសម្រាប់ជីវិតច្បាស់លាស់។ ១០ឆ្នាំក្រោយគឺពួកគេពុំបានសេសសល់លទ្ធផលអ្វីជាដុំកំភួនសម្រាប់ជីវិតទាល់តែសោះ។ ចំណែក ១៣% ជានិស្សិតដែលមានគោលដៅ ប៉ុន្តែពួកគេគ្មានការរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីជាដំណើរឆ្ពោះទៅរកគោលដៅនោះទេ ១០ឆ្នាំក្រោយ ពួកគេក៏ទទួលបានលទ្ធផលតែបន្តិចបន្តួចប៉ុណ្ណោះ ឬស្នើ(x2)។ បន្ថែមពីលើទិន្នន័យនេះ គេក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងនោះមាននិស្សិតត្រឹមតែ៣%ប៉ុណ្ណោះ ដែលពួកគេបានធ្វើការកំណត់គោលដៅ និងរៀបចំផែនការយ៉ាងច្បាស់លាស់ ជាលទ្ធផល ១០ឆ្នាំក្រោយបន្ទាប់ ពួកគេទទួលបានគុណផលដ៏ល្អប្រសើរ ឬស្នើ(x10)។ គោលដៅ គឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិត ​ក្រៅពីនេះរឿងផ្សេងទៀតគឺគ្រាន់តែជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ ប្រសិនបើគ្មានគោលដៅជីវិតរបស់មនុស្សយើងក៏មិនអាចឆ្ពោះទៅរកភាពជោគជ័យនោះដែរ។

យើងសូមធ្វើការបង្ហាញនូវវត្តមានរបស់យុវជនកម្ពុជាចំនួន២រូបដើម្បីបានធ្វើការចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនរបស់ពួកគាត់ខ្លះៗគ្រាន់ជាទុន និងដៅបង្ហាញអំពីការកំណត់គោលដៅនៃការសិក្សារបស់ពួកគាត់ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យដូចខាងក្រោមនេះ៖

១/ លោក ភឹង សុធា ជានិស្សិតឆ្នាំទី៤ នៃសាលានាយទាហានសកម្ម លោកបានមានប្រសាសន៍​ថា៖

ក/ ត្រូវមានក្ដីស្រមៃមួយ

យើងត្រូវមានក្ដីស្រមៃ និងការតាំងចិត្តមួយដែលជារបស់ខ្លួនឯងដោយមិនត្រូវផ្ដេកផ្ដួលទៅតាមពាក្យសម្ដីរបស់អ្នកដទៃឡើយ។បើអ្នកចង់បានជោគជ័យទៅតាមក្ដីស្រមៃរបស់អ្នក អ្នកមិនត្រូវស្ដាប់ពាក្យសម្ដីអវិជ្ជមានពីអ្នកដទៃនោះទេ។ (ក្ដីស្រមៃមួយ គឺជាការពិតដែលអាចទៅរួច បើវាមានការតស៊ូយ៉ាងពិតប្រាកដ)

លោក ភឹង សុធា

ខ/ ជ្រើសរើសសាកលវិទ្យាល័យ

នៅកម្ពុជាមានសាកលវិទ្យាល័យច្រើនដែលអាចផ្ដល់នូវចំណេះដឹងដល់យុវជនតាមរយៈការចុះឈ្មោះចូលរៀន។ យើងមានសិទ្ធិរើសយកសាកលវិទ្យាល័យមួយសម្រាប់ធ្វើការសិក្សានៅទីនោះ ហើយគួរតែស្វែងរកព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យដែលយើងនឹងចូលរៀន ដើម្បីជាការងាយស្រួលក្នុងការសម្រេចចិត្ត។

គ/ ព្យាយាម

គ្មានអ្វីដែលបានមកដោយគ្មានការព្យាយាមនោះទេ ដូច្នេះយើងត្រូវតែព្យាយាមសិក្សាស្វែងយល់ពីអ្វីថ្មីៗបន្ថែមពីលើអ្វីដែលយើងបានរៀនពីសាលាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួននិងបន្ថែមលើសមត្ថភាពដែលមានស្រាប់។

ឃ/ ដកពិសោធការងារជាក់ស្ដែង

មកដល់ចំណុចនេះ យើងអាចមានសមត្ថភាពខ្លះៗដើម្បីប្រើវាចូលក្នុងវិស័យការងារណាមួយដែលអ្នកស្រឡាញ់ ដើម្បីដកពិសោធទៅលើអ្វីដែលយើងកំពុងតែសិក្សាឬដើម្បីស្វែងយល់បន្ថែមលើមុខវិជ្ជាដែលកំពុងតែរៀន។

២/ កញ្ញា ញ៉ ចាន់ឌី ជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាក្នុងឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖

កញ្ញា ញ៉ ចាន់ឌី

ក/ ក្នុងអំឡុងពេលសិក្សាឆ្នាំទី១ ទី២

ចាំបានថាពេលនោះខ្ញុំមិនទាន់ចេះកំណត់គោលដៅនិងពុំទាន់អាចកំណត់ថា អ្វីទៅជាសមត្ថភាពដែលអាចបំពេញតម្រូវការក្នុងការកំណត់គោលដៅទាក់ទងសមត្ថភាព ចំណេះដឹង និងជំនាញនោះទេ។ ខ្ញុំដឹងច្បាស់ថា ការកំណត់គោលដៅសម្រាប់ខ្លួនឯងឱ្យបានច្បាស់លាស់គឺ ជារឿងសំខាន់បំផុតដែលខ្ញុំមិនអាចរំលង ដូចនេះខ្ញុំចាប់ផ្ដើមស្វែងរកបទពិសោធការងារដើម្បីឆ្ពោះទៅរកគោលដៅនោះ។

ខ/ បទពិសោធការងារពេលកំពុងសិក្សា

នៅក្នុងអំឡុងពេលសិក្សា ខ្ញុំធ្លាប់ធ្វើជាបុគ្គលិកលក់កាហ្វេ ធ្វើជាគ្រូភាសាខ្មែរបង្រៀនក្មេងៗជនជាតិវៀតណាម ស្ម័គ្រចិត្តតាមអង្គការ បន្ថែមពីនេះបទពិសោធន៍មួយក្នុងអំឡុងពេលសិក្សាដែលមិនអាចបំភ្លេចបានគឺធ្លាប់ចាញ់បោកគេទាក់ទងនឹងបញ្ហាប្រាក់តាមរយៈការអូសទាញ…។ ហើយតាមរយៈបទពិសោធទាំងនេះ គឺវាបានបង្ហាញផ្លូវឱ្យខ្ញុំបានស្គាល់ពីខ្លួនឯង និងមានការប្រុងប្រយ័ត្នខ្ពស់ និងមិនងាយជឿពាក្យសម្តីអ្នកដទៃនោះឡើយ។

គ/ ការស្វែងរកឃើញអ្វីដែលខ្លួនឯងស្រលាញ់និងជាគោលដៅផ្ដោតដែលត្រូវសិក្សា

បន្ទាប់ពីខ្ញុំបានឆ្លងកាត់នៅបទពិសោធជីវិត និងបទពិសោធការងារដូចដែលបានរៀបរាបខាងលើ ខ្ញុំចាប់ផ្ដើមសិក្សាផ្ដោតសំខាន់ទៅលើចំណុចដែលទាក់ទងនឹងការកំណត់គោលដៅរបស់ខ្លួនឯងដូចជា៖

១/ កុំឱ្យគេចាប់បានពីចំណុចខ្សោយរបស់យើង ពីព្រោះគេអាចយកចំណុចខ្សោយរបស់យើងជាគោលដៅក្នុងការអូសទាញ។

២/ បើយើងខ្សោយខាងអ្វី យើងពង្រឹងលើជំនាញនោះ។

៣/ កុំខ្លាចគិតថាខ្លួនឯងធ្វើមិនកើតត្រូវតែហ៊ាននឹងធ្វើវាឱ្យដល់ទីបញ្ចប់។

៤/ ត្រូវតែចូលរួមក្នុងកិច្ចការសង្គមឱ្យបានច្រើន។

៥/  រៀនគិតកំណត់គោលដៅពីតូចទៅធំ  ធ្វើតាមដំណាក់កាល។

៦/ ត្រូវមានអ្នកប្រឹក្សាដែលយើងអាចទុកចិត្តបាន។

“ចំណុចទាំងអស់ខាងលើដែលខ្ញុំបានឆ្លងកាត់នេះ គឺបាននាំផ្លូវខ្ញុំទៅរកគោលសិក្សាមួយដែលខ្ញុំស្រឡាញ់ និងអនុវត្តផ្ទាល់នូវជំនាញចិត្តវិទ្យាទាក់ទងកុមារតម្រូវការពិសេស ហើយវាក៏ជាគន្លឹះក្នុងថ្ងៃអនាគតក្នុងការបង្កើតគ្រួសារហើយអប់រំកូនៗឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមផងដែរ។ រហូតមកដល់បច្ចុប្បន្ន ខ្ញុំក៏បានធ្វើការជាបុគ្គលិកនៅគ្លីនិកមួយដែលធ្វើការផ្នែកព្យាបាលនិងអប់រំកុមារដែលមានបញ្ហាផ្សេងៗគ្នា, កញ្ញាបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។”

សរុបជារួមមក ការកំណត់គោលដៅមួយដែលពិតប្រាកដ និងការរៀបចំផែនការដើម្បីអនុវត្តឱ្យបានច្បាស់លាស់សម្រាប់ជីវិត គឺពិតជាសំខាន់ខ្លាំងបំផុតចំពោះមនុស្សគ្រប់រូប ដើម្បីដើរតាមក្ដីស្រមៃ ការងារដែលខ្លួនចង់ធ្វើ និងសម្រេចជោគជ័យនៅក្នុងជីវិត។ ព្រោះប្រសិនបើយើងមិនចេះកំណត់គោលដៅមួយសម្រាប់ប្រើប្រាស់សមត្ថភាពរបស់ខ្លួនឯងឱ្យមានប្រយោជន៍នោះទេ ច្បាស់ណាស់ជីវិតរបស់យើងនឹងវិលវល់ចាប់នេះចាប់នោះមិនច្បាស់ការជាមិនខាន​ សមដូចពាក្យគេតែងនិយាយថា «មនុស្សគ្មានគោលដៅសម្រាប់ជីវិត គឺប្រៀបបានដូចជាទូកដែលស្ថិតនៅក្នុងមហាសាគរដ៏ធំធេង ដោយរកកោះរកត្រើយដើម្បីឈប់សំចតគ្មាន»។  ដូចនេះយើងខ្ញុំសង្ឃឹមថា ការចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់យុវជនទាំងពីររូបខាងលើនឹងក្លាយជាប្រយោជន៍ ក៏ដូចជាចំណេះដឹងថ្មីមួយដែលសមស្របអាចឱ្យប្រិយមិត្តអ្នកអានអ្នកសិក្សាបានយកទៅអនុវត្តដើម្បីក្លាយជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើងផងដែរ៕

កែសម្រួលដោយ៖ BRANDMEDIA