អ៊ីរ៉ង់ប្រឈមសម្ពាធយោធាពី Donald Trumpកាន់តែខ្លាំង បើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរគ្មានលទ្ធផលវិជ្ជមាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ នៅសេតវិមាន។

ដំណើរទស្សនកិច្ចលើកទី៦ របស់លោក ណេតាន់យ៉ាហ៊ូ ទៅកាន់សេតវិមានសហរដ្ឋអាមេរិក ត្រូវបានរៀបចំយ៉ាងប្រញាប់ប្រញាល់ ហើយបានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួមជាសាធារណៈពីមេដឹកនាំទាំងពីរ។
ក្នុងសារបង្ហោះនោះ លោក ត្រាំ បានបញ្ជាក់ថា មិនមានសេចក្តីសម្រេចច្បាស់លាស់ណាមួយត្រូវបានសម្រេចឡើយ លើកលែងតែការបន្តចរចាជាមួយអ៊ីរ៉ង់ ដើម្បីពិនិត្យមើលថាតើអាចឈានដល់កិច្ចព្រមព្រៀងមួយបានឬយ៉ាងណា។
ក្នុងពេលតែមួយ សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដោយមានការព្រមានអំពីសក្តានុពលនៃការវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានលទ្ធផល។ លោក ត្រាំ ក៏បានបញ្ជាក់ថា កំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះបន្ថែមទៅកាន់តំបន់ ដើម្បីចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាគ្នាកាលពីសប្តាហ៍មុននៅប្រទេសអូម៉ង់ ដោយផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។ ទីក្រុងតេអេរ៉ង់ បានបញ្ជាក់ថា កម្មវិធីមីស៊ីលផ្លោង និងការគាំទ្រដល់សម្ព័ន្ធមិត្តក្នុងតំបន់ មិនស្ថិតក្នុងប្រធានបទពិភាក្សានោះទេ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបដិសេធថា ប្រទេសរបស់លោកមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរ និងបានបង្ហាញឆន្ទៈក្នុងការចរចា ព្រមទាំងទទួលយកការផ្ទៀងផ្ទាត់អន្តរជាតិ។ ទោះជាយ៉ាងណា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា ខ្លួនមិនអាចត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពពេញលេញនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់រយៈពេលជាច្រើនខែមកហើយ។
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា នៅតែស្ថិតក្នុងភាពតានតឹង ខណៈដែលភាគីពាក់ព័ន្ធបន្តតាមដានលទ្ធផលនៃការចរចា និងការផ្លាស់ប្តូរយុទ្ធសាស្ត្រនយោបាយ និងយោធារបស់មហាអំណាចទាំងនេះ។
ប្រភព៖ The Guardian















