|

សារៈសំខាន់ និងការងារក្រោយបញ្ចប់ការសិក្សាជំនាញអក្សរសាស្រ្ដខ្មែរ?


អត្ថបទដោយ៖ ង៉ុយ សារិកា

ទាក់ទងទៅនឹងសំណួរដែលសួរថា តើការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនេះមានសារៈសំខាន់អ្វីខ្លះ? តើមានគន្លឹះអ្វីខ្លះដើម្បីឱ្យនិស្សិតទទួលបានការងារសមរម្យក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ? តើនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ក្រោយរៀនចប់អាចធ្វើការងារអ្វីបានខ្លះ?  

អាចនិយាយបានថាសំណួរទាំងនេះ គឺជាសំណួរមួយដែលតែងតែឮជារឿយៗ ដោយគេតែងសួរមកកាន់អ្នករៀនមុខវិជ្ជានេះផ្ទាល់ដើម្បីជាការចង់ដឹង និងស្វែងយល់បន្ថែម។ ដើម្បីជម្រះនូវមន្ទិលទាំងនេះ BRANDMEDIA សូមស្រាយបំភ្លឺនូវចម្ងល់របស់ប្រិយមិត្តអ្នកអានតាមរយៈអតីតនិស្សិត៣រូបដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរក្នុងឆ្នាំ២០២០ នាពេលកន្លងមកថា តើក្រោយពីការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្រ្ដខ្មែរក្រៅពីគ្រូបង្រៀននឹងគ្មានការងារផ្សេងធ្វើដូចដែលមានគំនិតមួយចំនួនលើកឡើងដែរឬទេ? ខាងក្រោមនេះគឺជាការបង្ហាញនូវបទពិសោធន៍ដែលអតីតនិស្សិតអក្សរសាស្រ្ដខ្មែរបានប្រតិស្ឋឡើង៖

១/ អតីតនិស្សិតអក្សរសាស្រ្តខ្មែរ លោក អ៊ុក ម៉ុនផាន់រ៉េត៖ លោកបានមានប្រសាសន៍យ៉ាងដូច្នេះ​ ចំពោះសារៈសំខាន់នៃការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរនេះយើងឃើញថា៖

លោក អ៊ុក ម៉ុនផាន់រ៉េត

ក/ ថ្វីបើបច្ចុប្បន្ន មុខវិជ្ជាជាច្រើនក្រៅពីមុខវិជ្ជានេះដែលឆ្លើយតបទៅនឹងទីផ្សារការងារ។ តែមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅតែជាមុខវិជ្ជាមួយដែលមានប្រយោជន៍សម្រាប់ជនជាតិខ្មែរក្នុងការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្រ្តជាតិក៏ដូចជាអត្តសញ្ញាណនៃកម្ពុជា។ អ្វីដែលសំខាន់គឺអ្នកដែលមានសមត្ថភាព ចំណេះដឹងច្បាស់លាស់ក្នុងផ្នែកនេះគឺពិតជាសម្បូរការងារធ្វើ សមដូចលោកតាក្រមង៉ុយថា “បើចេះប្រាកដ   ប្រាក់រត់តាមហៅ”

ខ/ អក្សរសាស្រ្តខ្មែរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ចាប់យកទីផ្សារការងារទូទៅរាល់ស្ថាប័ន អង្គភាពនានា គេតែងត្រូវការអ្នកចេះអក្សរសាស្ត្រជាចាំបាច់ ពីព្រោះថាកិច្ចការផ្សេងៗសុទ្ធសឹងត្រូវការភាសាខ្មែរជាយាន…។

២/ អតីតនិស្សិតអក្សរសាស្រ្តខ្មែរ លោក មើម ផានិត៖  លោកបានផ្ដល់សេចក្ដីបន្ថែមទៅលើគន្លឹះមួយចំនួនដើម្បីឱ្យនិស្សិតទទួលបានការងារសមរម្យក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរផងដែរ៖

លោក មើម ផានិត

ក/ អ្នកសិក្សាផ្នែកនេះតោងខំសិក្សាបន្ថែមទៅលើមុខវិជ្ជាផ្សេងទៀតដែលពាក់ព័ន្ធជាមួយផង  តួយ៉ាងភាសាបរទេស   និងកុំព្យូទ័រ ព្រោះវាមានទំនាក់ទំនងគ្នាក្នុងការងារដែលយើងមិនអាចមើលរំលងបានដែលជាហេតុធ្វើឱ្យយើងនឹងអាចមើលឃើញនូវពិភពលោកកាន់តែច្បាស់ដើម្បីជាទុនអាជីពមួយដ៏ប្រសើរ។

ខ/ ត្រូវស្វែងរកបទពិសោធន៍ការងារជាបណ្ដើរៗនៅអំឡុងពេលសិក្សា៖ បើចង់សម្រេចនូវគោលដៅមួយ អ្នកគួរតែស៊ូទ្រាំលំបាកស្វែងរកបទពិសោធន៍មកធ្វើជាទុនសិន ការបើកឱកាសទៅរកបទពិសោធន៍ការងារវាពិតជាសំខាន់ បទពិសោធន៍ជីវិតដែលអ្នករៀនសូត្របានពីសង្គមខាងក្រៅនឹងជួយហ្វឹកហាត់អ្នកឱ្យក្លាយជាមនុស្សចាស់ទុំ ។

គ/ ត្រូវរៀនបើកចិត្តឱ្យទូលាយកុំរំពឹងចាំតែការងារមួយកន្លែង៖ ការសិក្សាអក្សរសាស្រ្តខ្មែរ សូមអ្នកកុំរំពឹងថា អ្នកអាចក្លាយត្រឹមតែគ្រូបង្រៀនអី ពីព្រោះថានៅមានជំនាញច្រើនទៀតដែលត្រូវការអ្នក។ អ្នកខ្លះភ្លេចមើលខ្លួនឯងថា ក្នុងខ្លួនមានជំនាញមួយដែលពិសេសតាំងពីកំណើត ហើយមិនបានកែខៃវាឱ្យត្រូវជាមួយនឹងមុខវិជ្ជាដែលខ្លួនកំពុងរៀន ហេតុនោះហើយបានជាគេពុំដឹងថាគេចង់ធ្វើអ្វីហើយចេះអ្វី។ ម៉្យាងវិញទៀត គួរចេះបើកឱកាសឱ្យខ្លួនឯង ទទួលយកនូវអ្វីថ្មីមកអភិវឌ្ឍជីវិតខ្លួនឯងផង…។

៣/ អតីតនិស្សិតអក្សរសាស្ត្រខ្មែរ  លោក សួន កុសល្យ៖ ជាកិច្ចបញ្ចប់លោកបានប្រសាសន៍បង្ហើបប្រាប់ពីឱកាសការងារមួយចំនួនរបស់និស្សិតក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរតាមរយៈគណនីហ្វេសប៊ុករបស់លោកដូចជា៖

លោក សួន កុសល្យ

/ ផ្នែកនិពន្ធ (ប្រលោមលោកទាំងពាក្យរាយ និងកំណាព្យ), មានវោហារសព្ទច្រើនមិនចេះរីងស្ងួតក្នុងការសរសេរនិងនិយាយ។

/ ធ្វើក្នុងស្ថាប័នរដ្ឋ និងឯកជន (ពិនិត្យ និងសម្រួលអត្ថបទ, ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ, ជាជំនួយការរដ្ឋបាល)

/ ជាពិធីករក្នុងបុស្តិ៍ទូរទស្សន៍, ជាអ្នកអានសារព័ត៌មាននៅតាមស្ថាប័នធំ/តូច, ជាអ្នកស្រាវជ្រាវមួយរូប (អក្សរសិល្ប៍, វប្បធម៌…)។

/ គ្រូបង្រៀន (រដ្ឋនិងឯកជន) ……។

សរុបជារួមមកឃើញថា រាល់ចំណេះជំនាញទាំងអស់ គឺសុទ្ធសឹងតែមានលក្ខណៈពិសេស និងគុណតម្លៃរៀងៗខ្លួន។ សំខាន់គឺយើងខ្លួនឯងផ្ទាល់ដែលជាអ្នកត្រូវស្វែងរក និងស្រវាចាប់ឱកាសទាំងនោះ អ្វីដែលយើងត្រូវធ្វើឱ្យជាប់នោះគឺ ដាំដុះក្នុងសាលា ផ្លែផ្កាក្នុងសង្គម មានន័យថា​សាលា គឺជាកន្លែងដែលផ្ដល់ចំណេះដឹងក៏ដូចជាមុខវិជ្ជាដែលយើងរៀន ចំណែកឯទំនាក់ទំនងការងារក៏ដូចជាចំណេះធ្វើ គឺយើងត្រូវបញ្ចេញការសាបព្រោះនៅលើសង្គមខាងក្រៅ។ សូមចងចាំថា ចំណេះដឹង សមត្ថភាពពិតប្រាកដ បូករួមទាំងសីលធម៌ គុណធម៌ ជាមួយនឹងទំនាក់ទំនងដ៏ប្រសើរ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែមានដើម្បីបោះជំហានទៅរកភាពរីកចម្រើន ជោគជ័យក្នុងជីវិត។