|

ឯកឧត្តម ហ៊ុន ម៉ានី៖ «អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនត្រឹមជាអាកាសយានដ្ឋានទេ ប៉ុន្តែគឺជាមោទនភាពជាតិខ្មែរទាំងមូល»


រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្ដែងនូវការអបអរសាទរតាមរយៈសារនៅលើទំព័រផ្លូវការរបស់ឯកឧត្តមផ្ទាល់រួមជាមួយខ្លឹមសារនេះថា «អាកាសយានដ្ឋានអន្តរជាតិតេជោបានក្លាយជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក ដែលនេះគឺជាស្នាដៃដ៏ធំ និងជាមោទនភាពរបស់កម្ពុជាដែលបានបើកឱ្យដំណើរការទទួលអ្នកដំណើរចេញចូលចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។»

ឯកឧត្តមបានបន្តថា សមិទ្ធិផលដែលសម្រេចបានក្នុងពេលនេះ គឺកើតចេញមកពីការខិតខំប្រឹងប្រែងនៃការដឹកនាំ និងស្មារតីរួបរួមជាតិរបស់យើងជាធ្លុងមួយរហូតដល់យើងទទួលបានសមិទ្ធផលថ្មីៗ និងការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តមបានបន្ថែមថា ក្នុងនាមជាកូនខ្មែរពិតជាមានមោទនភាព ដែលបានទទួលផលវិជ្ជមានជាច្រើនពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងតម្លៃនៃសុខសន្តិភាព។ យ៉ាងណាមិញ ឯកឧត្តមក៏បានបង្ហាញសេចក្ដីជឿជាក់ថា សមិទ្ធផលថ្មីនេះនឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ បេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។

ជាងនេះទៅទៀត ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនត្រឹមជាអាកាសយានដ្ឋានទេ ប៉ុន្តែគឺជាមោទនភាពជាតិខ្មែរទាំងមូល!