មន្ត្រីក្រសួងបរិស្ថានចុះរុះរើសំណង់ខុសច្បាប់ និងប្ដឹងទៅតុលាការករណីទន្ទ្រានដីនៅឧទ្យានជាតិគិរីរម្យ
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះរើសំណង់អនាធិបតេយ្យ ដែលជនខិលខូចបានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិបានធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) នឹងរបងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ ថែមទាំងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្កឡើងដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស នឹងបានតាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ដោយក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់៕
(ប្រភព៖ Ministry of Environment)












