ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះបីមានបទឈប់បាញ់ចាប់ពីម៉ោង ២៤:០០ យប់នេះក៏ដោយ ក៏យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងការរៀបចំណាមួយក្នុងចេតនាបំផ្លាញការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ភាគីទាំង២
បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ សម្រេចបានលទ្ធផលចរចាដ៏ត្រចះត្រង់ ជុំវិញបទឈប់បាញ់ ក្រោមកិច្ចសម្របសម្រួលពីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន ដោយមានសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលេចសារអបអរសាទរ និងបង្ហាញពីជំនឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងត្រលប់មកវិញនៅក្នុងតំបន់តាមព្រំដែន ប្រជាពលរដ្ឋនឹងឆាប់បានវិលត្រលប់ទៅកាន់ផ្ទះសម្បែង និងប្រកបរបររកទទួលទានតាមធម្មតាវិញបាន។

តាមយៈសារដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដែលបានស្វះស្វែងរកដំណោះស្រាយចំពោះមុខបញ្ហានៅតាមបន្ទាត់ព្រំដែន។ ជាមួយគ្នានេះដែរ ឯកឧត្តមបានឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរយុទ្ធជនកម្ពុជាពលី និងបួងសួងដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធ ចាប់ពីថ្ងៃទី២៤ ខែកក្កដា មកនេះ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ជាពិសេស ស្មារតីមហាសាមគ្គីរបស់បងប្អូនជនរួមជាតិទូទាំងប្រទេស និងក្រៅប្រទេស ដែលបានគាំទ្រទាំងស្មារតី និងសម្ភារៈ បញ្ជូនទៅដល់បងៗកងកម្លាំងនៅជួរមុខ ព្រមទាំងជួយដល់ជនភៀសសឹកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា «ទោះបី បទឈប់បាញ់ត្រូវបានកំណត់ចាប់ពី ម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ចៀសវាងការរៀបចំណាមួយក្នុងចេតនាបំផ្លិចបំផ្លាញសមិទ្ធផល នៃការចរចា និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ភាគីទាំង២។»















