|

ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវោនិយោគលើមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច


នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលប្រពឹត្តទៅនៅ អាគារThe Kampus នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវោនិយោគលើមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងច្រើនលើវិស័យសុខាភិបាល ដោយនាំមកនូវវឌ្ឍនភាពគួរកត់សម្គាល់។ យ៉ាងណាមិញ ការមកដល់នៃជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងប៉ះទង្គិចដល់គន្លងអភិវឌ្ឍរយៈពេលវែង។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលដ៏លំបាកនេះ កម្ពុជារៀនបានមេរៀនដ៏មានតម្លៃ គឺខ្លួនទីពឹងខ្លួន។ ជាមួយគ្នានេះ ទោះបីមិនមានឧបករណ៍ទំនើប មិនមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចនៅប្រទេសមួយចំនួន ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី កម្ពុជាបានកម្ពុជាប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រសិនបើយើងស្វែងយល់បន្តិចពីអ្វីដែលកម្ពុជា បានឆ្លងកាត់ ផ្សារភ្ជាប់ស្មារតី និងមនោសញ្ចេតនាសម្រាប់សង្គមជាតិ វែកញែកឱ្យបានស៊ីជម្រៅទើបយើងយល់ពីគុណតម្លៃ និងកាន់តែមានមោទនភាពចំពោះជាតិ។

គួរបញ្ជាក់ថា វេទិកាកម្ពុជា ៤.០ លើកទី៥ នេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ដែលបាននាំមកនូវសេវាសុខភាពឌីជីថលដែលមានភាពឆ្លាតវៃនិងងាយស្រួល សម្រួលដល់ការតាមដានសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះដែរ វេទិកានេះក៏ជាឱកាសសម្រាប់សិក្សាស្វែងយល់ពីបញ្ហាសុខភាព តាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីចម្ងាយ និងអាចតាមដានសុខភាពកម្រិតបឋមនៅផ្ទះដោយខ្លួនឯង តាមរយៈ Wearable Technology ដូចជានាឡិការឆ្លាតវៃ ,ស្មាតហ្វូន និងឧបករណ៍តាមដានកាយសម្បទាជាដើម។