លោក Trump ព្រមានអំពីមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើចំណាប់ខ្មាំង Gaza មិនត្រូវបានដោះលែងមុនលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា នឹងមាន “ហានិភ័យធ្ងន់ធ្ងរ” នៅមជ្ឈិមបូព៌ា ប្រសិនបើចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប មិនត្រូវបានដោះលែងមុនថ្ងៃទី២០ ខែមករា។
ក្នុងអំឡុងពេលនៃការវាយប្រហារដ៏សាហាវរបស់ពួកគេក្នុងឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាសបានចាប់ខ្លួនមនុស្សជាង ២៥០ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល រួមទាំងជនជាតិអ៊ីស្រាអែល-អាមេរិកពីរនាក់ផងដែរ ក្នុងនោះប្រហែលពាក់កណ្តាលនៃចំណាប់ខ្មាំងបរទេស និងអ៊ីស្រាអែល ១០១ នាក់ដែលនៅតែជាប់ឃុំឃាំងនៅហ្គាហ្សា ត្រូវបានគេជឿថានៅមានជីវិត។
លោក Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការធ្វើអត្ថាធិប្បាយយ៉ាងច្បាស់លាស់បំផុតរបស់គាត់អំពីជោគវាសនារបស់ចំណាប់ខ្មាំងចាប់តាំងពីការបោះឆ្នោតរបស់គាត់ក្នុងខែវិច្ឆិកា។ លោកបានបញ្ជាក់ថា “ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែងមុនថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដែលខ្ញុំទទួលតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកដោយមោទនភាព នោះស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងអ្នកដែលប្រព្រឹត្តអំពើទាំងនេះនឹងត្រូវជួបនូវមហន្តរាយធ្ងន់ធ្ងរចំពោះទង្វើពួកគេជាមិនខាន។ លោក Trump បានបន្ថែមថា “អ្នកទទួលខុសត្រូវនឹងត្រូវរងការវាយប្រហារខ្លាំងជាងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
ក្រុមហាម៉ាស់បានអំពាវនាវឱ្យបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា ដែលជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាមនឹងបន្តរហូតដល់ក្រុម Hamas ត្រូវបានលុបបំបាត់ ហើយមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។
កាលពីថ្ងៃចន្ទ ក្រុមហាម៉ាស់បាននិយាយថា ចំណាប់ខ្មាំង ៣៣ នាក់នៅតំបន់ហ្គាហ្សាត្រូវបានសម្លាប់ក្នុងអំឡុងពេលសង្រ្គាមជិត ១៤ ខែរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែល។
គួររំឭកថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួន បន្ទាប់ពីក្រុមយុទ្ធជនដឹកនាំដោយក្រុមហាម៉ាសបានវាយប្រហារសហគមន៍អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ១,២០០ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ខណៈមន្ត្រីហ្គាហ្សាបាននិយាយថា ការវាយលុកយោធារបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៤,៤០០ នាក់ និងបានផ្លាស់ទីលំនៅភាគច្រើននៃប្រជាជននៅតំបន់ហ្គាហ្សា។
ប្រភព៖ Reuters