|

អាជ្ញាធរខេត្តសៀមរាប បង្ហាញថា វិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប


អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលាខាងមុខនេះ នឹងមានជើងហោះហើរចូលមកកាន់ខេត្តសៀមរាបបន្ថែមទៀត ក្នុងនោះនៅថ្ងៃទី២៧ ខែតុលា នឹងមានជើងហោះហើរសៀមរាប-បាងកក-សៀមរាប (ធ្វើការហោះហើរជារៀងរាល់ថ្ងៃ) ដោយក្រុមហ៊ុន ThaiAirways និងនៅថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមធ្វើការហោះហើរគោលដៅភូកេត-សៀមរាប-ភូកេត។ ក្រៅពីនេះនឹងមានជើង ហោះហើរមកពីគោលដៅផ្សេងៗទៀត ដែលនឹងហោះចូលក្នុងខេត្តសៀមរាបក្នុងខែតុលាដែររួមមានមកពីប្រទេសចិន មានបីក្រុមហ៊ុន មកពីកូរ៉េមានពីរក្រុមហ៊ុន និងមកពីឥណ្ឌាមានមួយក្រុមហ៊ុនដែលនេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។

អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ នៅក្នុងពិធីបើកវេទិការទេសចរណ៍កម្ពុជា-ចិន២០២៤ (Cambodia-China Tourism Forum) ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍” នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង៦៥ម៉ឺននាក់ ដែលមានការកើនឡើង៣១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវដែលមកកម្សាន្តច្រើនជាងគេរួមមាន ជនជាតិអាមេរិកឈរនៅលំដាប់ថ្នាក់លេខមួយ អង់គ្លេសនៅលំដាប់ទីពីរ និងភ្ញៀវទេសចរណ៍បារាំងឈរនៅលំដាប់ថ្នាក់ទីបី។

លោកបន្តថា បច្ចុប្បន្ននេះទោះបីជាកំណើនភ្ញៀវទេសចរមានការកើនឡើងយឺតបន្តិចមែន ប៉ុន្តែអាជីវកម្មទេសចរណ៍គ្រប់ប្រភេទ បាននិងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗដើម្បីត្រៀមចាំស្វាគមន៍ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តសៀមរាប។

លោកបន្តថា ដើម្បីចូលរួមក្នុងការរៀបចំខេត្តសៀមរាបឱ្យស័ក្តិសមជាខេត្តទេសចរណ៍ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានខិតខំជំរុញឱ្យមានការសហការគ្នារវាងអន្តរវិស័យដែលពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយ ការខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្ត និងការរៀបចំតំបន់អង្គរឱ្យក្លាយជាគោលដៅទស្សនាប្រកបដោយគុណភាព ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។

សូមបញ្ជាក់ផងដែរ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានរៀបចំនូវផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តក្នុងព្រៃអង្គរ និងបានរៀបចំផ្លូវជិះកង់សម្រាប់ទេសចរណ៍ដែលចូលចិត្តការដើរកម្សាន្តក្នុងព្រៃ និងទស្សនាធម្មជាតិនៅក្នុងតំបន់អង្គរ។ នៅថ្ងៃខាងមុខរដ្ឋបាលខេត្តគ្រោងនឹងរៀបចំតំបន់ស្ទឹងសៀមរាប និងតំបន់វត្តរាជបូណ៌ជាតំបន់កម្សាន្តទីបី បន្ទាប់ពីតំបន់អង្គរ និងតំបន់ផាប់ស្ទ្រីត។

ទន្ទឹមនេះ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ រដ្ឋបាលខេត្តក៏នឹងមានរៀបចំកម្មវិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោក ដែលនឹងមានការចូលរួមពីមហាជន និងប្រតិបត្តិករណ៍ទេសចរណ៍ក្នុងខេត្តសៀមរាប លើសពីនេះទៅទៀតក្នុងខែកញ្ញានេះអាជីវកម្មទេសចរណ៍មួយចំនួនក៏នឹងមានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមក កម្សាន្តក្នុងខេត្តសៀមរាបផងដែរ។

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប