រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
ដើមឈើ ប្រភេទដើមក្ងោង និង ដើមជ្រៃកូរ៉េ ចំនួន ៤៥០ដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លើគម្រោង ( ធី. ដើមឈើសម្រាប់ជីវិត ) ធ្វើការដាំនៅអមសង្ខាង និងទ្រូងផ្លូវ វិថី៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់ សាលា កំរើក ក្រុង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ Oma Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី ស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចៅសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា ប្រជាការពារ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ចូលរួម ។
លោក ឆាយ ដឹប បានបញ្ជាក់ថា គម្រោង (Project T – ដើមឈើសម្រាប់ជីវិត) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ ការចូលរួមបង្កើតបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស និងធម្មជាតិ ដោយដាំដើមឈើដែលមានអាយុកាលចន្លោះពី២ ទៅ៣ឆ្នាំនៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប និងនៅជនបទ ដែលខ្វះខាតដើមឈើ ដើម្បីបង្កើននូវសម្រស់ ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ និងលើកកម្ពស់សោភ័ណភាពក្រុង និងទីជនបទក្នុងខេត្តសៀមរាប។
លោកជំទាវ Oma Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល បានលើកឡើងថា ទាក់ទងនឹងគម្រោងដាំដើមឈើនេះ លោកជំទាវសែនសប្បាយចិត្ត ដោយសារតែប្រទេសរបស់គាត់ជាប្រទេសបៃតង ហើយគាត់គិតថាក្រុងសៀមរាប គឺជាកន្លែងមួយដែលយើងគួរតែបង្កើតជាទីក្រុងបៃតង។ លោកជំទាវបានពេញចិត្តជាខ្លាំង ហើយគម្រោងនីមួយៗរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺសុទ្ធតែមាននិរន្តរភាព និងផ្តល់ការអប់រំ មិនត្រឹមតែផ្តល់ការអប់រំដល់សិស្សអង្គការនោះទេ ព្រមទាំងផ្តល់ការអប់រំដល់សិស្សដ៏ទៃទៀតនៅតាមសាលាជនបទ ហើយគាត់សប្បាយចិត្តដែលឃើញក្មេងៗជំនាន់ក្រោយចូលរួមដាំដើមឈើ ។
លោក អ៊ឹង គឹមលាង បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានដាំដើមឈើបានប្រមាណជាង១០ម៉ឺនដើម នៅទូទាំងខេត្ត ដែលធ្វើឲ្យខេត្តសៀមរាប ក្នុងរយៈពេល១០ឆ្នាំទៀត អ្វីៗនឹងប្រែប្រួលទាំងអស់ ។ ម៉្យាងទៀតដើមឈើជួយយើងច្រើន ឲ្យមានលំនឹងនៅសីតុណ្ហភាព លំនឹងនៃការប្រែប្រួលអាកាសធាតុ លំនឹងនៃធនធាតុទឹក និងជួយការពារពីខ្យល់កន្រ្តាក់ផងដែរ ។ ជាមួយនេះដែរ លោកអភិបាលរងខេត្តបានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូត ផងដែរថា គាត់ចូលចិត្តខេត្តសៀមរាប ហើយយើងគួរតែបន្តដាំដើមឈើថែមទៀត ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើនទៀត ដែលយើងនឹងសហការរៀបចំជាមួយនឹងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងរៀបចំបន្តទៀតផងដែរ ៕
រូបភាព និងអត្ថបទ៖ រដ្ឋបាលខេត្តសៀមរាប